Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

បទ​អត្ថាធិប្បាយ ៖ ស្លឹកឈើ​ជ្រុះ ព្រោះតែ​ដើម​ងាប់​ឫ​ស​កែវ

វា​គួរឱ្យ​អាម៉ាស់​ជាទីបំផុត​ចំពោះ​ការចេញមុខ​មក​បកស្រាយ​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ដោយ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី ដែល​បាន​ឆ្លើយ​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា អ្នក​ដែល​ចាក​ចេញពី​បក្សប្រឆាំង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ស្លឹកឈើ​ជ្រុះ  តែ​គាត់​ភ្លេច​គិតថា ដើមឈើ​នោះ​ជិត​ដល់ពេល​រលំ​ដួល​ទៅហើយ។

ការពិត​ស្លឹកឈើ​ជ្រុះ គឺ​ដោយសារតែ​ដើមឈើ​នោះ ងាប់ ឬ​ស្អុយរលួយ​ឬ​ស​កែវ ទើប​មិនអាច​ផ្តល់​លំនឹង​ដើម្បី​ទ្រ​ស្លឹក ឬ​មែក​បាន​តទៅទៀត ដូច្នេះ ស្លឹក  ឬ​មែកឈើ​នោះ មិនអាច​នៅជាប់​ដើម​របស់​វា​បាន​តទៅទៀត គឺ​ត្រូវតែ​ជ្រុះ ដោយ​គ្មានអ្វី​មកឃាត់​ឃាំង​បានឡើយ នេះ គឺជា​ក្រិត​ក្រម​របស់​ធម្មជាតិ ហើយ​មិនយូរ​មិនឆាប់​ដើមឈើ​ស្អុយ​នោះ ប្រាកដជា​ដួលរលំ។

ដូចគ្នានេះដែរ ការចាកចេញ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ក្នុង​គណបក្ស​សម រង្ស៊ី ដែល​បាន​សំរេចចិត្ត​នាំគ្នា​មក​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​ចុង​ក្រោយនេះ គឺ​ពិតជា​ដោយសារ​ការ​អស់ជំនឿ​ទាំងស្រុង​លើ​បក្សប្រឆាំង​សម រង្ស៊ី នោះ។

មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សម រង្ស៊ី ដែល​បាន​ចាក​ចេញពី​បក្ស គឺជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ សង្កាត់ នៅ​ទូទាំងប្រទេស ដែល​សកម្មភាព​នៃ​ការដើរ​ចេញពី​បក្ស គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​ដូច​មហា​ព្យុះកំបុតត្បូង ដែល​មិនអាច​ព្យាករណ៍​ទុក​បាន​ជាមុន។

មន្ត្រី​ដែល​បាន​ចាកចេញ បានឱ្យដឹងថា ការដែល​ពួកគេ​សំរេចចិត្ត​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយសារតែ​គណបក្ស​សម រង្ស៊ី គ្មាន​គោលនយោបាយ​ច្បាស់លាស់ ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រកាន់​គំនិត «បើ​ប្រឆាំង គឺ​ប្រឆាំង​ផ្កាប់មុខ » គ្មាន​ស្គាល់​តម្លៃ​នៃ​សន្តិភាព មានតែ​គំនិត​បំផ្លាញ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ មិនបាន​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ថែមទាំង​ធ្វើ​សកម្មភាព​ប្រឆាំង ដើម្បី​ប​ន្ទុ​ច​បង្អាក់​ផែនការ​កសាង និង​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការអំពាវនាវ​ឱ្យ​ប្រទេស​ម្ចាស់ជំនួយ  ផ្តាច់ជំនួយ​ជាដើម។ ល។

មន្ត្រី ដែល​ចាកចេញ​បាន​បន្ថែមទៀតថា របៀប​នៃ​ការដឹកនាំ​ក្នុង​បក្ស​សម រង្ស៊ី សព្វថ្ងៃ​ហាក់ដូចជា «ក្រុមហ៊ុន​សម រង្ស៊ី​ផ្តាច់មុខ » ពីព្រោះថា ការដឹកនាំ​បក្សនយោបាយ​ទាំងមូល បែរជា​ត្រូវបាន​គ្រប់គ្រង​ដោយ​គ្រួសារនិយម ពីរ ឬ​បី​គ្រួសារធំៗ ដែល​ក្នុងចំណោម​នោះ មាន​ទាំង​ប្តី ទាំង​ប្រពន្ធ និង​បង ប្អូនថ្លៃ ដណ្តើម​តួនាទី​គ្នា​ត្រួតត្រា​ក្នុង​បក្ស។ ក្រៅពីនេះ ការសំរេច​អ្វីមួយ គឺ​គណបក្សប្រឆាំង​មួយ​នេះ មិនដែល​ទទួលយក​ម​តិ​ភាគច្រើន​មុននឹង​ធ្វើការ​អនុម័ត​នោះទេ   គឺ​សំរេច​តាមតែ​ថ្នាក់លើ ម្នាក់​ពីរ និង​ពុំបាន​បង្ហាញ​អំពី​តម្លាភាព​បន្តិច​សោះឡើយ ដែល​បណ្តាលឱ្យ​កើតមាន​នូវ​ការខ្វែងគំនិត ជជែក​ទាស់ទែង​គ្នា​រាល់​លើក​នៅពេលដែល​មានការ​រៀបចំ​បែងចែក​ភារកិច្ច​សម្រាប់​ថ្នាក់ដឹកនាំ​បក្សម្តងៗ តាំងពី​ថ្នាក់លើ ដល់​ក្រោម។

ដោយ​មិន​ចង់​អត្ថាធិប្បាយ​លំអិត​អំពី​ទំនាស់​ផ្ទៃក្នុង​បក្ស​ដ៏​ធ្ងន់ធ្ងរ​នោះ យើង​គ្រាន់តែ​រៀបរាប់ត្រួសៗជុំវិញ​បញ្ហាខ្លះៗដែលជា​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​មួយចំនួន បន្ទាប់ពី​ពួកគាត់ ចាកចេញ​នាពេលថ្មីៗនេះ បានឱ្យដឹង​ទៀតថា នៅក្នុង​គណបក្សប្រឆាំង​សម រង្ស៊ី គឺ​មហា​សែន​ពុករលួយ បក្ខពួក និង​គ្រួសារនិយម អត្តនោម័ត​និយម និង​ផ្តាច់ការនិយម ជាពិសេស​ក្រុម​អ្នក​ដែល​ឃុបឃិត​គ្នា​អែបអប​លោក​ប្រធាន​បក្ស​ដ៏​មហិមា ( លោក សម រង្ស៊ី )ដើម្បី​ការពារ​តំណែង​របស់ខ្លួន ។ ពីព្រោះថា ការរៀបចំ​តំណែងសំខាន់ៗនៅតាម​ខេត្ត ក្រុង និង​មូលដ្ឋាន គឺ​សិទ្ធិផ្តាច់មុខ​នៃ​ការសំរេច គឺមាន​តែ​លោក​សម រង្ស៊ី ម្នាក់​គត់​ដែលមាន​ឥទ្ធិពល​ជាងគេ។

លោក​សម រង្ស៊ី បាន​ប្រើប្រាស់​អំណាច​ជា​អ្នក​ទេសចរណ៍​ផ្លូវ​វែង នៅឯ​បរទេស​ក្នុងការ​ដឹកនាំ និង​កាច់ចង្កូត​បក្សនយោបាយ​មួយ​ដែល​កំពុង​ថមថយ​កម្លាំង ឈានទៅរក​ស្ថានភាព​ខ្សោះ​ខ្យល់ រលំ​ដួល​ដោយ​មិនចាំបាច់​មាន​អ្នក​រុញ។ ក្រុម​អ្នក​ចាក​ចេញពី​បក្ស​សម រង្ស៊ី បាន​រៀបរាប់​ក្នុង​កំរិត​មួយ​ដែល​គួរ​ពិចារណា​ថា ការដែល​ពួកគាត់​មិនអាច​រស់នៅ​ជាមួយ​គណបក្ស​សម រង្ស៊ី តទៅទៀតបាន​នោះ គឺ​ដោយ​សម្លឹង​មើលឃើញថា គណបក្ស​សម រង្ស៊ី​សព្វថ្ងៃ​ប្រៀប​ដូច​សំពៅ​ដែល​គ្នា​ក្តោង ដូចជា​ទូក​អត់​ច្រ​វ៉ា ឬ​កាណូត​គ្មាន​ម៉ាស៊ីន ដែល​វិលវល់​មិនអាច​ទៅមុខ​រួច។

មន្ត្រី​គណបក្ស​សម រង្ស៊ី ដែល​បានមក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពួកគាត់​មាននូវ​ការជឿជាក់​ខ្ពស់​មកលើ​គោលនយោបាយ​ដឹកនាំ​ត្រឹមត្រូវ និង​ច្បាស់លាស់ ជាពិសេស គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​បាន​ជួយសង្គ្រោះ​ខ្មែរ​ទាំងមូល​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដ៏​សាហាវយង់ឃ្នង ដែល​ផ្ទុយស្រឡះ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សម រង្ស៊ី បែ​ជា​នាំគ្នា​ប្រឆាំង​ទៅនឹង​ថ្ងៃ​រួច​ពី​សេចក្តីស្លាប់ នេះ​គឺជា​ការប្រឆាំង​ផ្កាប់មុខ និង​គ្មាន​ហេតុផល ។ ក្រៅពីនេះ ជា​បន្ត​បន្ទាប់មកទៀត លោក​សម រង្ស៊ី បាន​បង្ខំ​ឱ្យ​អ្នកតំណាងរាស្ត្រ​របស់ខ្លួន​ធ្វើពហិកា​មិន​ចូលប្រជុំ​ដើម្បី​ការអនុម័ត​ថវិកា​សម្រាប់​អភិវឌ្ឍ​ប្រទេស ដែល​ទង្វើរ​នេះ គឺជា​ការ​ប្រឆាំងនឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ប្រើ​ល្បិចកល​ដើម្បីឱ្យ​អ្នកតំណាងរាស្ត្រ​របស់ខ្លួន​មួយចំនួន​លាលែង​ពី​តំណែង ប៉ុន្តែ បែ​ជា​ឱ្យ​ពួកគេ​ទៅ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា។ នេះ គឺជា​ការប្រើ​ឧបាយកល​បោកប្រាស់​សាធារណមតិ ដើម្បី​ការ​កេងចំណេញ​នយោបាយ ដោយ​ពុំ​ឈរលើ​ភាពថ្លៃថ្នូរ និង​កិត្តិយស​សោះឡើយ។

គណបក្សនយោបាយ​មួយ ដែល​មានតែ​ការបំភិតបំភ័យ បង្ខំ​ឱ្យ​សមាជិក​របស់ខ្លួន​ស្បថ និង​ការបង្ខំ​ឱ្យ​សមាជិក​របស់ខ្លួន​ធ្វើ​សច្ចាប្រណិធាន ដោយ​ពាក្យសម្បថធ្ងន់ៗ ដូចជា​បើ​មិន​ស្មោះត្រង់​ជាមួយ​បក្ស សូមឱ្យ​ស្លាប់​តៃហោង​ទាំង​ពូជ។ នេះ គឺជា​ការរំលោភ​លើ​ច្បាប់បោះឆ្នោត​ផង និង​ថែមទាំង​រំលោភ​លើ​សិទ្ធិមនុស្ស​ជាស​កល​ផង។ តើ​ទង្វើ​បំពាន​ច្បាប់​នេះ ឱ្យ​សមាជិក​ដែល​ធ្លាប់​រស់នៅ​ជាមួយ​បន្ត​ការភ័យខ្លាច​ដល់​ថ្ងៃ​ណា​ទៀត? ដូច្នេះ មន្ត្រី​ទាំងអស់នោះ​ដែលមាន​នូវ​មនសិកា​ជាតិ ស្រឡាញ់​សន្តិភាព និង​ភាពសុខសាន្ត​ក្នុងសង្គម​គ្រួសារ គឺ​ពួកគាត់​ត្រូវតែ​សំរេចចិត្ត​ចាកចេញ ដែល​វា គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ជីវិត​នយោបាយ​របស់​ពួកគាត់។

ហើយ​ការចាកចេញ​ពី​បក្សប្រឆាំង មក​កសាង​ជីវភាព​នយោបាយ​ថ្មី គឺ​ដោយសារ​ដឹង​ច្បាស់​ថា គណបក្ស​ប្រជាជន គឺជា​គណបក្ស​ដែល​ខ្លាំង និង​រឹងមាំ​ជា​រៀងរហូត។ គណបក្ស​ប្រជាជន គឺមាន​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ដោយសារ​ការអនុវត្ត​ជាក់ស្តែង តាមរយៈ​ការធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​ការអភិវឌ្ឍ   គឺ​ក្នុងន័យ​ថា និយាយ​យ៉ាងណា​ធ្វើ​យ៉ាងនោះ ដែលជា​ឱកាស​សម្រាប់​ពួកគាត់​បាន​ចូលរួម​ដោយផ្ទាល់ ។

ដូច្នេះ ការចាកចេញ​របស់​ស​មា​ជិ​ក​គណបក្ស​សម រង្ស៊ី ក្នុងតំណាក់កាល​នេះ  គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ការពិត​ថា មន្ត្រី​ជាច្រើន​ទៀត​ក្នុង​គណបក្សប្រឆាំង​មួយ​នោះ កំពុងតែ​រងា និង​រងទុក្ខវេទនា​យ៉ាងខ្លាំង ដោយសារ​គ្មាន​មេកោយ​ច្បាស់លាស់ ហើយ​មេបក្ស​ពិតប្រាកដ គឺមាន​ទោស​ជាប់​ខ្លួន បាត់បង់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ផ្ទៃក្នុង​បក្ស​កំពុង​រង្គោះរង្គើ​ខ្លាំង ចលនា​នៃ​ការចាកចេញ​កំពុងមាន​សកម្មភាព​ខ្លាំង​ក្លា​នៅ​ទូទាំងប្រទេស​ដូច​ទឹកបាក់​ទំនប់ ។ នេះហើយ​ដែល​គេ​អាច​និយាយបានថា ស្លឹកឈើ​ជ្រុះ ព្រោះតែ​ដើមឈើ​ងាប់ និង​រលួយ​ឬ​ស​កែវ  គឺ​មិនមែន​បានន័យថា អ្នក​ចាក​ចេញពី​បក្ស​សម រង្ស៊ី គឺជា​មន្ត្រី​គ្មាន​តម្លៃ​នោះទេ ។ ផ្ទុយទៅវិញ ពួកគាត់ គឺ​សុទ្ធតែជា​មន្ត្រី​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ខ្ពស់  និង​ស្អប់ខ្ពើម​នូវ​ការជិះជាន់ គាបសង្កត់ ជាពិសេស ការប្រើ​អំណាច​ផ្តាច់ការ​ក្នុង​បក្ស​តែប៉ុណ្ណោះ ៕

ពូន សំរេច

កែ​ចុងក្រោយ​នៅ ថ្ងៃព្រហស្បតិ៍ ទី23 កុម្ភៈ ឆ្នាំ2012 ម៉ោង17:35

បទអត្ថាបធិប្បាយ

អត្ថាធិប្បាយ​៖ កុំ​យក​ល្បែង​ជាប់គុក​មក​ធ្វើជា​បំណុល​នយោបាយ

ដោយ: លី ទួង

នៅ​ថ្ងៃទី​២០ ខែឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​លេខាធិការ​ផ្ទាល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយសារតែ​ព្រះអង្គម្ចាស់​មិន​ព្រម​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​របស់​ព្រះបរមរាជវាំង​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​២​លើក​ហើយ​ទៅដល់​ព្រះអង្គម្ចាស់ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិនបាន​អើពើ​ឆ្លើយតប​ទេ។ លោក ឱម យ៉ិនទៀង​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់​ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​កសាង​បែបបទ​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ។ ពាក្យ​ថា «​គ្មាន​បង្អង់​ដៃ​» នេះ​ទ្រង់​ធម្មិកោ​គួរ​យល់​ហើយ ព្រោះ​គ្មាន​ជនល្មើស​ច្បាប់​ណាមួយ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ធូរដៃ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បង្កើត​ទៅជា​ទម្លាប់​អាក្រក់​សម្រាប់​មនុស្ស​ដទៃ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...

អត្ថាធិប្បាយ ៖ សម្ដេច​តេជោ​ហ៊ុន សែន គឺ​ជា​និមិត្តរូប​នៃ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ឥស្សរជន​កំពូល​មួយ​រូប ជា​វីរកុលបុត្រ​កម្ពុជា​ដ៏​ឆ្នើម​ដែល​បាន​ឧទ្ទិស​ជីវិត​របស់​លោក​ទាំង​ស្រុង តាំង​ពី​យុវវ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សន្តិ​ភាព សេរីភាព អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...


អត្ថាធិប្បាយ​ ៖ ​ជីវភាព​និង​សុវត្ថិភាព​កម្មករ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​

សុផល

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដោយ​ការ​បាក់​ប្លង់សេ​នៅ​រោងចក្រ​វីនស្តារហ្សូ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់ ​និង​១១​នាក់​រង​របួស​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សំដែង​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​សាធារណជន។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កក់ក្ដៅ​នៅក្នុង​ចិត្ត​នោះ​គឺ​ការ​យក​ចិត្ត​ទុកដាក់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ចុះទៅ​ដល់ទី​កន្លែង​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គំនរ​បែកបាក់​នៃ​រោងចក្រ​នោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here បទអត្ថាធិប្បាយ បទ​អត្ថាធិប្បាយ ៖ ស្លឹកឈើ​ជ្រុះ ព្រោះតែ​ដើម​ងាប់​ឫ​ស​កែវ