ការសងសឹករបស់អ្នកចាញ់នៅក្នុងការបោះឆ្នោតថៃ ជាធម្មតាទៅហើយនោះ គឺជាការ លួងលោមខាងផ្លូវចិត្តឱ្យបាន ដោយធ្វើឱ្យខ្លួនក្លាយទៅជាអ្នកបំភ័យ បន្លាចប្រជាជនថៃទៅវិញ ។ រឿងនេះគឺជារឿងរបស់ឧបនាយករដ្ឋមន្ត្រីដែលចេញពីតំណែង Suthep Thaugsuban ។ បើសិន ជាគាត់ជាកីឡាករល្អទៅវិញ គាត់គួរតែចាកចេញដោយស្ងៀមស្ងាត់សម្រាប់ពេលឥឡូវនេះ ហើយ អនុញ្ញាតឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការទៅតាមគន្លងរបស់ខ្លួន ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដោយគណបក្សភឿថៃ ។ គាត់គួរតែចងចាំថា ប្រជាជនថៃបានបញ្ចេញឱ្យឃើញនូវឆន្ទៈរបស់ ពួកគេរួចហើយ។
បើសិនជាគាត់យកចិត្តទុកដាក់ទៅលើប្រទេសថៃ ហើយយកចិត្តទុកដាក់តិចតួចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន គាត់គួរនិយាយថា «គណបក្សប្រជាធិបតេយ្យ នឹងទៅជាគណបក្សប្រឆាំង ក៏ប៉ុន្តែខ្លួននឹងត្រូវអនុវត្តន៍ការប្រឆាំងនៅក្នុងរង្វង់ច្បាប់ប៉ុណ្ណោះ។ ហើយការនោះវាល្អគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ប្រទេសថៃ »។
ការនិយាយដ៏អគតិរបស់គាត់ អំពីគណបក្សភឿថៃថាបាន «បង្កើតក្រុមប្រដាប់អាវុធ» រៀបចំ ជុំរុញប្រជាជនឱ្យរំខានយាយីរដ្ឋាភិបាល។ ការនិយាយប៉ាន់ស្មានដ៏អាក្រក់របស់គាត់ថា «ទម្រង់រដ្ឋបាលថ្មីនឹងធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបគ្រប់គ្រង» ពីព្រោះក្រុមអាវក្រហមបានត្រួតត្រា ប្រទេសជាងពាក់កណ្តាលមិនបានប៉ុន្មានថ្ងៃផងក្រោយពីគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត គណបក្សភឿថៃ ដែលការនេះបង្ហាញឱ្យឃើញជម្រៅចិត្តបុរសនេះ ដែលមានអំណាចគ្រប់យ៉ាងត្រូវធ្វើឱ្យគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតកើត។ ប៉ុន្តែគិតទៅជាបរាជ័យទាំងស្រុង ទោះបីអស់រយៈពេលពីរឆ្នាំកន្លងមកនេះ គាត់បានប្រើប្រាស់យុទ្ធសាស្ត្រគ្រប់មធ្យោបាយ ទោះបីការងារនោះស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ដរាបណាពួកគេឈរនៅទីងងឹត ចន្លោះភាពស្របច្បាប់ និងមិនស្របច្បាប់ ដោយមានគោលបំណង ដើម្បីផ្តួលគូប្រកួតប្រជែងឯទៀត ហើយជាពិសេសគណបក្សភឿថៃតែម្តង។
នេះជាការបំផ្លាញនយោបាយផ្ទៃក្នុងថៃ នៅពេលដែលអ្នកនយោបាយកំពូលៗថៃ មិនយល់ អំពីអត្ថន័យនៃពាក្យ «ចម្រៀងហង្ស» ដែលគ្រាន់តែជាពាក្យជម្រាបលានៅពេលចាញ់ឆ្នោត ក៏ប៉ុន្តែបែរទៅជានៅតែចាក់ដោតដោយពាក្យសំដីបង្វែបង្វែងការទទួលខុសត្រូវផ្ទាល់របស់ពួកគេ ចំពោះការចាញ់ឆ្នោតរបស់គណបក្សនយោបាយកាន់អំណាចមួយ ទៅគណបក្សនយោបាយ
«ដែលមិនកាន់អំណាច» តាមការនិយាយអាក្រក់ និងទម្លាក់កំហុសទៅលើគណបក្សភឿថៃ ដែល ឈ្នះឆ្នោត។
ការនិយាយពាក្យ ក្រហល់ក្រហាយដ៏ជូរចត់របស់លោក Suthep Thaugsuban ស្តីពីទំនាក់ ទំនង «កម្ពុជា-ថៃ» ដូចដែលបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១១ ក្រោមចំណងជើងថា « Suthep ធ្វើការទស្សន៍ទាយទាំងតូចចិត្តថា គាត់សង្ឃឹមថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងបានប្រសើរឡើងពីព្រោះគណបក្សភឿថៃ ហើយនិង រដ្ឋាភិបាល ហ៊ុន សែន ជាមិត្ត» ដែលជាការបង្កប់អត្ថន័យជ្រៅហួសពីការសង្ស័យថា គាត់បានទុកក្នុងចិត្តមកជាយូរថា គណបក្ស ប្រជាធិបតេយ្យ និងរដ្ឋាភិបាល Abhisit Vejjajiva គឺជាសត្រូវលេខមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដោយបានអនុវត្តសកម្មភាព ចេញលទ្ធផលជាការឈ្លានពានប្រដាប់អាវុធថៃជាច្រើនដងប្រឆាំងមកលើកម្ពុជា។ នៅចុងបញ្ចប់ នេះគឺជាការសារភាពដ៏ភ្ញាក់ផ្អើលដែលត្រូវបានបន្លឺឡើង ដោយ លោក Suthep Thaugsuban ។
ខ្ញុំនិយាយទៅកាន់ Suthep Thaugsuban ថា ចូររៀនធ្វើខ្លួនជាអ្នកនយោបាយពិតៗ រៀន ច្រៀង «ចម្រៀងហង្ស» រៀនចុះចាញ់ការបោះឆ្នោតដោយសមគួរ នៅពេលដែលអ្នកត្រូវបោះបង់ចោលអំណាច ហើយកុំធ្វើខ្លួនជាអ្នកបំភ័យ បន្លាចប្រជាជនថៃមួយនគរ នៅពេលដែលខ្លួនជាអ្នកចាញ់ឆ្នោតគណបក្សភឿថៃ៕
ប៉ែន ងឿន
សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
| < មុន | បន្ទាប់ > |
|---|























