លោក Seo Young Deokជាវិចិត្រករកូរ៉េខាងត្បូងបានកែច្នៃច្រវ៉ាក់រាប់រយម៉ែត្រឲ្យក្លាយជារូបភាពមនុស្សដ៏ស្រស់ស្អាត និងមិនគួរឲ្យជឿសោះឡើយ។ស្នាដៃច្នៃប្រឌិតមិនគួរឲ្យជឿរបស់លោក Seo Young Deokត្រូវបានលេចចេញជារូបរាងមនុស្សដ៏ល្អឯក ខណៈដែលវិចិត្រករទូទៅកសាងរូបចម្លាក់ពីបំណែកថ្មភ្នំធម្មជាតិ ឬពីស៊ីម៉ង់។ អ្វីដែលជំរុញឲ្យវិចិត្រករកូរ៉េរូបនេះបានធ្វើឡើងគួរឲ្យស្ញើចស្ញប់ស្ញែងគឺគាត់បានច្នៃប្រឌិតច្រវ៉ាក់កងចាស់រាប់រយម៉ែត្រ។ ច្រវ៉ាក់កងចាស់ជាច្រើន លោកបានផ្សារភ្ជាប់ពីចំណុចមួយទៅចំណុចមួយ ហើយបត់បែនបានគ្រប់បែបយ៉ាងឲ្យក្លាយជារូបរាងមនុស្សយ៉ាងស្អាត។
លោក Deokនិយាយថា គាត់បានចាប់អារម្មណ៍នឹងការងារនេះនៅតាមទីផ្សារ ស្ថានីយរថភ្លើង និងរថយន្តក្រុង ហើយលោកក៏ចាប់អារម្មណ៍ចំពោះរូបចម្លាក់ព្រះពុទ្ធរូបផងដែរដែលសុទ្ធតែជាអ្វីដែលលោកកោតសរសើរជាខ្លាំង។ លោកមានប្រសាសន៍ថា “ខ្ញុំចូលចិត្តសម្រស់អាស៊ី” ។ “លក្ខណះពិសេសបំផុតនៃការងារសិល្បះរបស់ខ្ញុំគឺផ្តោតលើសម្រស់អាស៊ី។
ស៊េរីនៃសិល្បះហត្ថកម្មរបស់លោក Seo Young Deokគឺឈ្មោះDystopia ដែលពិតជាគួរឲ្យចាប់អារម្មណ៍ក្រៃលែង។ បើនិយាយពីរូបក្បាលមនុស្សវិញហៅថា Nirvana ដែលខ្ពស់ជាងជំហរមនុស្សឈរទៀត។ រូបក្បាលមនុស្សខ្ពស់ធំដ៏អស្ចារ្យនេះត្រូវបានប្រមូលផ្តុំច្រវ៉ាក់រាប់ពាន់ ហើយមានតម្លៃដល់ទៅ៤ម៉ឺនដុល្លារអាមេរិក។ គ្រាន់តែរូបក្បាលមួយនេះវិចិត្រកូរ៉េរូបនេះចំណាយពេលជាងមួយឆ្នាំទើបបានផលិតចេញជារូបចម្លាក់ដ៏ល្អគ្មានពីរ។ រូបចម្លាក់របស់លោកផលិតចេញជារូបរាងមនុស្សច្រើនសណ្ឋានគួរឲ្យចាប់អារម្មណ៍៕
វេហា
























