ហ្សកហ្សី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតីប្រទេសហ្សកហ្សី ម៉ីកខេល សាកកាសវីលី (Mikleil Saakashvili) បានអញ្ជើញពិនិត្យទីកន្លែងខូចខាត ពីគ្រោះទឹកជំនន់នាពេលថ្មីៗ កន្លងមកនេះ។
ប្រភពព័ត៌មានអោយដឹងថា ក្នុងគ្រោះទឹកជំនន់កើតឡើងបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់នារយៈពេល ប៉ុន្មានថ្ងៃកន្លងមកនៅតាមតំបន់មួយចំនួន បណ្តាលអោយមនុស្សចំនួន ៥នាក់ បាត់បង់ជីវិត នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ត្រូវទឹកបោក វាយកំទេចលំនៅដ្ឋានអោយបាក់សង្កត់មនុស្សក្នុងផ្ទះជាប់ ហើយក្នុងនោះមានកុមារចំនួន ២នាក់ ផងដែរ។ សេចក្តីរាយការណ៍បន្តថា សាកសពចំនួន ៤នាក់ ក្នុងចំណោមសាកសពចំនួន ៥នាក់ ត្រូវទឹកហូរនាំយកទៅជាមួយ ចំណែកលំនៅដ្ឋានរាប់សិបកន្លែងត្រូវបាក់រលំ សម្ភារៈរថយន្ត និងផលដំណាំក៏ត្រូវខូចខាតខ្ទេចខ្ទី។ មន្ត្រីព្យាករណ៍អាកាសធាតុ បន្ថែមថា ភ្លៀងនិងបន្តធ្លាក់យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត នៅពេលខាងមុខ និងអាចបង្កជាទឹកជំនន់បាន៕ វង្ស រិទ្ធី























