ពួកមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថាកងទ័ពសហភាពអាហ្វ្រិក និងសូម៉ាលី បានដណ្ដើមកាន់កាប់ទីក្រុងយុទ្ធសាស្ត្រងអាហ្វហ្កោយេ ពីពួកឧទ្ទាមសេបាប ដែលមានបណ្ដាញជាមួយពួកអាល់កៃដា ដែលពុំមានការតស៊ូធំដុំនោះបានប្រកាសពីការរកច្រកចេញយោធាមួយ។
អ្នកនាំពាក្យកងទ័ពសហភាពអាហ្វ្រិក លោកផេដឌីអាន់គុនដា បាននិយាយប្រាប់AFPថា« យើងបានឆ្លងទន្លេសាប៊ែល ហើយឥឡូវនេះយើងស្ថិតនៅទីនោះនៅក្នុងទីក្រុងអាហ្វហ្កោយេ យើងបានគ្រប់គ្រងទីក្រុងនោះ»។ « យើងបាននិងកំពុងប្រយុទ្ធចាប់តាំងពីថ្ងៃអង្គារ ដើម្បីសម្រេចគោលដៅនេះ ហើយឥឡូវនេះ យើងបានសម្រេចហើយ»។
មេបញ្ជាការកងទ័ពសូម៉ាលី លោក មហាមេដអាប់ឌុលឡា និយាយថា« មានការតស៊ូខ្លះៗរយៈពេលខ្លី ប៉ុន្តែយើងបានបង្ក្រាបការតស៊ូនោះ»។
កងទ័ពសហភាពអាហ្វ្រិក និងស៊ូម៉ាលី ដែលមានការគាំទ្រពីរថក្រោះនោះបានធ្វើការវាយប្រហារដែលទន្ទឹងរង់ចាំយូរមកហើយ នោះទៅលើទីក្រុងអាហ្វហ្កោយេ ៤ថ្ងៃមកហើយ ដោយធ្វើដំណើរទៅកាន់ភាគពាយ័ព្យ ចម្ងាយ៣០គីឡូម៉ែត្រ ពីរដ្ឋធានីមូហ្កាឌីស៊ូទៅកាន់ទីក្រុងនោះជាតំបន់មួយដែលកកកុញទៅដោយប្រជាជនដែលរត់គេចខ្លួន។
លោកអាន់គុនដា និយាយថា« ពួកឧទ្ទាមសេបាបកំពុងរត់គេចចេញពីទីក្រុងនោះ ពួកគេកំពុងឆ្ងាយចូលទៅក្នុងព្រៃ»។ លោកបានបន្ថែមទៀតថា កងទ័ពសហភាពអាហ្វ្រិក ក៏បានការពារសន្តិសុខផ្លូវថ្នល់ទាំងឡាយធ្វើដំណើរពីក្រុងអាហ្វហ្កោយេផងដែរដែលបានគ្រប់គ្រង ផ្លូវដ៏សំខាន់មួយពីប្រទេសសូម៉ាលីភាគខាងត្បូងទៅកាន់រដ្ឋធានី។
តាមអង្គការសហប្រជាជាតិបានឲ្យដឹងថាមានប្រជាជនជាង៤០០ ០០០នាក់កំពុងរត់នៅ ក្នុងតំបន់អាហ្វហ្កោយេ នៅដើមឆ្នាំនេះ... ជាកន្លែងប្រមូលផ្ដុំជនភៀសខ្លួន ដ៏ច្រើនបំផុតរបស់ពិភពលោក។
មន្ត្រីជាន់ខ្ពស់របស់សហភាពអាហ្វ្រិក លោកបូបាខា ហ្កាអូសូ ឌីយ៉ារ៉ា និយាយថា ការដណ្ដើមកាន់កាប់នោះ នឹង«ធ្វើឲ្យមានលទ្ធភាពដល់ការចែកចាយជំនួយមនុស្សធម៌ ទៅឲ្យប្រជាជន»។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានរាយការណ៍ថា ជនស៊ីវិល ជាង ៦០០០នាក់ បានភៀសខ្លួនចាប់តាំងការវាយប្រហារទៅលើអាហ្វហ្កាយេ ចាប់ផ្ដើមម្ល៉េះ ទោះបីជាពួកបុគ្គលិកជំនួយព្រួយបារម្ភថា មានប្រជាជនច្រើនទៀត ដែលគេមិនបានរាប់បញ្ចូលនៅក្នុងការវាយតម្លៃនោះអាចភៀសខ្លួនចូលទៅក្នុងព្រៃ៕
រឹទ្ធ























