ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែឧសភា ថាប្រទេសអ៊ីរ៉ង់បានលុបចោលកិច្ចសន្យា២ពាន់លានដុល្លារបស់ក្រុមហ៊ុនចិនដើម្បីជួយកសាងទំនប់វារីអគ្គិសនី ជាទង្វើមួយដែល ធ្វើឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ចក៏សំខាន់បំផុតមួយរបស់ក្រុងតេអេរ៉ង់ និង សម្ព័ន្ធមិត្តនយោបាយរបស់ខ្លួន។
ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាមូត អាម៉ាឌីនចាត នឹងត្រូវទៅធ្វើទស្សនកិច្ចនៅប្រទេសចិននៅអាទិត្យខាងមុខនេះដើម្បីចូលរួម កិច្ចប្រជុំស្ដីពីបញ្ហាសន្តិសុខ ជាកន្លែងដែលសង្ឃឹមថា នឹងបើកពិភាក្សាជាមួយលោកហ៊ូជិនតាវ ដៃគូចិនរបស់លោក ស្ដីពីកម្មវិធីនុយក្លេអ៊ែរដែលមានជំលោះ របស់អ៊ីរ៉ង់។ ទស្សនាវដ្ដី Global Time កាន់កាប់ដោយគណបក្សកុម្មុយនីស្តចិន បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចលុបចោលកិច្ចសន្យាស្ដីពីទំនប់វារីអគ្គិសនី នេះ។ របាយការណ៍មិនបាននិយាយអំពីប្រភព ឬមូលហេតុនោះទេ។
នៅខែក្នុងមិនា ឆ្នាំ២០១១ ទីភ្នាក់ងារព័ត៌មានផ្លូវការបស់IRNAបាននិយាយថាក្រុមហ៊ុន China's Sinohydro Corp បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយក្រុមហ៊ុនវារីអគ្គិសនីអ៊ីរ៉ង់ Farabដើម្បីសាងសង់ទំនប់នេះដែលគេពិពណ៌នាថាជាទំនប់ខ្ពស់បំផុត នៅលើពិភពលោក នៅខេត្ត lorestan នៅភាគខាងលិចប្រទេសអ៊ីរ៉ង់។ ទំនប់នេះសំដៅគាំទ្រស្ថានីយ ថាមពល មួយដែលមានកម្លាំង១៥០០មេហ្គាវ៉ាត់។
Global Times បានដកស្រង់របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលបាននិយាយថា ធនាគារកណ្ដាល របស់អ៊ីរ៉ង់ មិនពេញចិត្តជាមួយជម្រើសបញ្ហាហិរញ្ញវត្ថុ ដែលផ្ដល់ដោយប្រទេសចិន។ ក្រសួងការបរទេសចិន បាននិយាយថា ខ្លួនពុំបានទទួលព័ត៌មានស្ដីអំពីបញ្ហានេះទេ។ មន្ត្រីរបស់ក្រុមហ៊ុន Sinohydro បាននិយាយតាមទូរស័ព្ទប្រាប់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនកំពុងតែពិនិត្យមើល ជាមួយសហការី នៅក្នុងប្រទេសអ៊ីរ៉ង់ ស្ដីអំពីបញ្ហានេះ។
ចិន និងអ៊ីរ៉ង់ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធខាងថាមពល និង ពាណិជ្ជកម្ម ហើយក្រុងប៉េកាំងបានទប់ទល់ដដែលៗចំពោះទាមទារដឹកនាំដោយសហរដ្ឋអាមេរិកឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងទៅលើក្រុងតេអេរ៉ង់ ដើម្បីទប់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន៕
ថាលីយ៉ាន





















