គួនមីង ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាលើថាមពល ថ្មី និងថាមពលកើតឡើងវិញ ត្រូវបានបើកហើយកាលពីថ្ងៃពុធ ម្សិលមិញនេះ នៅភាគខាងត្បូងរបស់ប្រទេសចិន ខណៈដែលប្រទេសនេះ ស្វែងរកការបណ្តុះបណ្តាលធនធានមនុស្ស វិជ្ជាជីវៈ បន្ថែមទៀត សំរាប់អាស៊ាន។
មជ្ឈមណ្ឌលនេះ ស្ថិតនៅក្នុងទីក្រុងគួនមីង ខេត្តយូណាន ត្រូវបានបើកបន្ទាប់ពី លោក Wen Jiabao នាយករដ្ឋមន្ត្រីចិន បានស្នើកាលពីខែវិច្ឆិកាមុន ឱ្យបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន ១០ មានគោលដៅលើមន្ត្រីមកពីបណ្តាប្រទេសសមាជិកអាស៊ាន។
លោក Long Jiang នាយកការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត បាននិយាយថា មជ្ឈមណ្ឌលនេះ នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំនួន ៣ រយៈពេល ១ ឆ្នាំ លើប្រធានបទ «ថាមពលព្រះអាទិត្យ ថាមពលជីវម៉ាស ថាមពលខ្យល់ និងវ៉ារីអគ្គិសនីខ្នាតតូច»។
លោក Long បានបន្តថា មជ្ឈមណ្ឌលនេះ នឹងជ្រើសរើសអ្នកបណ្តុះបណ្តាលជាច្រើនមកពីអ្នកធ្វើការងារមន្ត្រីស៊ីវិល បុគ្គលិកនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាសា្ថនស្រាវជ្រាវនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុន នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
លោក Jin Xiaoming នាយក នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ចំណុះឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននិយាយថា មជ្ឈមណ្ឌលនេះ នឹងជួយលើកស្ទួយកិច្ចសហប្រតិបត្តិការតំបន់ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការផ្ទេរបច្ចេកវិទ្យានៃតំបន់៕
សុភក្តិ























