ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ផ្សារថ្មីទី១ឃាត់ខ្លួនភា្លមៗក្រោយពេលជនសង្ស័យរូបនេះបានចូលបន្លំលួចយកម៉ូតូម៉ាកSLមួយគ្រឿងពីកន្លែងទទួលផ្ញើក្នុងបរិវេណផ្សារធំថ្មីពេលដែលបណ្ដើរម៉ូតូចេញមកក្រៅបានបន្តិចក៏ត្រូវគេក្រឡេកឃើញស្រែកឆោឡោថាចោរៗចាប់ខ្លួនបានតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤ល្ងាចថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១១នៅចំណុចកន្លែងទទួលផ្ញើម៉ូតូការ៉ាស់លេខ៤នៃបរិវេណផ្សារធំថ្មីផ្លូវលេខ១២៦ក្នុងសង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ។
ជនសង្ស័យមានឈ្មោះ ឃុន រ៉ាភេទប្រុសអាយុ២៤ឆ្នាំមុខរបរនិងលំនៅដ្ឋានមិនពិតប្រាកដត្រូវបានកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមានម៉ូតូSLពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1W-4284ជារបស់ជនរងគ្រោះឈ្មោះ សាយ រ៉ាវី ភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅសង្កាត់បឹងទំពុនខណ្ឌមានជ័យ។
ប្រភពបានបន្តឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានមកផ្ញើរម៉ូតូនៅចំណុចកើតហេតុខាងលើរួចហើយទៅធ្វើការងារជួសជុលទូរស័ព្ទលុះដល់ពេលកើតហេតុស្រាប់តែជនសង្ស័យរូបនេះបានចូលមកបន្លំលួចយកម៉ូតូម៉ាកSLរបស់ជនរងគ្រោះហើយក៏ត្រូវបានអ្នកទទួលផ្ញើក្រឡេកឃើញស្រែឆោឡោហើយក៏ត្រូវបានកំលាំងប៉ូលិសប៉ុស្ដិ៍ដែលប្រចាំទីនោះឃាត់ខ្លួនបានភ្លាមៗតែម្ដងទៅ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកម៉ូតូដែលបានដកហូតត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ៕
រស្មី
































