កំពង់ស្ពឺ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤បណ្ដាលឲ្យមនុស្សដែលធ្វើដំណើរតាមរថយន្តក្រុងនិង រថយន្តទួរីសរងរបួសរដូករណែលធ្លាក់ចូលទៅក្នុងប្រឡាយទឹកដែលនៅអមតាមផ្លូវជាតិ។
គ្រោះថ្នាក់នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១១នេះ នៅត្រង់ចំណុច ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៤។ សេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថារថយន្តក្រុង បានធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងព្រះសីហនុ ក៏បានពើបប្រទះនឹងរថយន្តទួរីសដែលធ្វើដំណើរបញ្ច្រាសទិសគ្នាហើយមិនដឹងជាមូលហេតុអ្វីកើតឡើងទើបបានជាកើតគ្រោះថ្នាក់នេះឡើង។ តាមសេចក្ដីរាយការណ៍នៅវេលាម៉ោង ៦ ល្ងាចថ្ងៃដដែលនេះ មិនទាន់បានទទួលព័ត៌មានពីចំនួនអ្នកស្លាប់ ឬ អ្នករងរបួសនោះទេ ដោយគ្រាន់តែដឹងថាមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺនិង រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុក ប្រមាណ ៥ទៅ៦គ្រឿងបានធ្វើដំណើរ ទៅកាន់ចំណុចកើតហេតុដើម្បីដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នេះ។
កម្ពុជាថ្មីនឹងធ្វើការផ្សាយព័ត៌មានលំអិតនៃគ្រោះថ្នាក់ចរាចរនេះ៕
ច្បារមន






























