ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១២ នេះ បានរៀបចំវេទិកាពិភាក្សាតុមូលមួយ ស្តីពីការរៀបចំការបោះឆ្នោត និងការទទួលបានព័ត៌មាន សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងតំណាងអ្នកសង្កេតការណ៍ចូលរួមយ៉ាងច្រើន។
លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងនៅក្នុងវេទិការពិភាក្សាតុមូលនោះថា “ក្រុមអ្នកសារព័ត៌មានតែងតែមានការប្រឈមយ៉ាងខ្លាំងក្នុងការទទួលព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះ”។ លោកបន្តថា បញ្ហាប្រឈមនេះ ដោយសារអ្នកសារព័ត៌មាន មិនមានគ្នាគ្រប់គ្រាន់ក្នុងការយកព័ត៌មានគ្រប់កន្លែងនោះទេ ពីព្រោះនៅទូទាំងប្រទេសមានឃុំសង្កាត់ចំនួន១៦៣៣ ជាចំនួនមួយច្រើន។
លោក ប៉ែន សមិទ្ធិ បន្តទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយណាមួយ ឬមន្ត្រីអ្នកនាំពាក្យណា មកទាក់ទងជាមួយស្ថាប័នព័ត៌មាន ក្នុងការផ្តល់ព័ត៌មានសំរាប់លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះនៅឡើយទេ។
លោក Denis Schrey តំណាងមូលនិធិខុនរ៉ាដប្រចាំកម្ពុជាបានថ្លែងថា អ្នកសារព័ត៌មាន គឺជាអ្នកដែលផ្តល់ព័ត៌មានទៅសាធារណជនដែលមានលក្ខណៈត្រឹមត្រូវបំផុតស្តីពីលទ្ធផលនៃការបោះឆ្នោត។លោកបន្តថានៅក្នុងប្រទេសណាក៏ដោយ អ្នកសារព័ត៌មាន គឺទទួលបានព័ត៌មាន និងផ្តល់ពីហេតុការណ៍ឬលទ្ធផលទៅវិញ។
តំណាងមូលនិធិខុនរ៉ាដបានបញ្ជាក់អោយដឹងទៀតថា រដ្ឋាភិបាលត្រូវផ្តល់ឱកាសសំរាប់គណបក្សនយោបាយ ក្នុងការផ្តល់ព័ត៌មានទៅដល់ប្រជាជនបានយល់ដឹងផងដែរ។ អ្នកបោះឆ្នោតគួរទទួលបានពីដំណឹង និងវិធីនៃការរៀបចំនៃការបោះឆ្នោតនេះ។ ប្រព័ន្ធព័ត៌មានគឺជាអ្នកផ្តល់ព័ត៌មានត្រឹមត្រូវបំផុត។
គួរបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ មានចំនួន១០គណបក្សនយោបាយ គឺមានគណបក្សប្រជាជនកម្ពុជា, គណបក្ស សម រង្ស៊ី, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សសិទ្ធិមនុស្ស, គណបក្សនរោត្តមរណឫទ្ធិ, គណបក្សសញ្ញាតិកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សឈប់ក្រ, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, និងគណបក្សចលនាប្រជាធិបតេយ្យ៕
កោះកែវ
































