តាកែវ ៖ ស្ត្រីដែលជាអ្នករកស៊ីលក់មាន់ដុតនៅសួនសត្វតំបន់ទេសចរភ្នំតាម៉ៅម្នាក់ ត្រូវបានបុរសម្នាក់ដែលគេស្គាល់គាត់ថាជាជើងចាស់ខាងលក់មាន់ខ្វៃនៅមាត់ស្ទឹងក្រុងតាខ្មៅប្រដៅដោយពាក្យសំដីធ្ងន់ៗឡើងផ្អើលគេឯង ដោយបុរសអ្នកលក់មាន់ខ្វៃចោទស្ត្រីដែលជាអ្នកលក់មាន់ដុតនោះថា ចេះលេងបីសន្លឹកដាក់គាត់ ហើយគាត់ខឹងសម្បាខ្លាំងណាស់។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យទី២៧ ខែឧសភា ឆ្នាំ២០១២ នៅលើសួនសត្វតំបន់ទេសចរភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ នៅក្នុងហេតុការណ៍គេឃើញបុរសដែលអួតអាងថារូបគាត់ជាអ្នកលក់មាន់ខ្វៃនៅមាត់ស្ទឹងក្រុងតាខ្មៅ ជាង១០ឆ្នាំហើយបានស្រែកដៀលថាអោយស្ត្រីដែលលក់មាត់ដុតនៅភ្នំតាម៉ៅនោះថា ចែឯងកុំចង់មកបន្លំខ្ញុំអោយសោះ ខ្ញុំហៅមាន់ដុត ចែឯងថាដុតមាន់ស្រែអោយខ្ញុំបានខ្ញុំហូបកើត សុំកុំដុតមាន់កាត់បីសាសន៍ឬមាន់ចិញ្ចឹម(មាន់សាច់)អោយខ្ញុំអោយសោះគឺខ្ញុំអត់ហូបទេ ព្រោះហូបមិនឆ្ងាញ់ទេចែ។
បុរសរូបនោះរាងធាត់ដុះក្បាលពោះស្អុយ ហើយក្បាលគាត់ទំពែកទៀតឯសំដីគាត់អោយចច្រែតដូចមនុស្សស្រីអញ្ចឹង គាត់បានស្រែកប្រាប់គេឯងដោយកំហឹងថា បងឯងគិតមើលខ្ញុំហៅមាន់ស្រែដុតមកញ៉ាំ បែរជាដុតមាន់បីសាសន៍អោយខ្ញុំហើយតូចមិនគ្រប់ចំនួនគីឡូដែលគាត់បានប្រាប់ទៀត បន្ទាប់មកខ្ញុំប្រាប់ថា បើអត់មាន់ស្រែទេដុតអាបីសាសន៍ហ្នឹងក៏ដុតទៅតែដុតអោយធំមកកុំអោយតូចអត់គ្រប់គីឡូ ដូចអាមុនទៀត។
បុរសនោះបានបន្តថា ខ្ញុំខំអង្គុយចាំហូបយ៉ាងយូរ ដល់ពេលលើកមាន់នោះមកគឺជាមាន់ចិញ្ចឹម (មាន់សាច់) ទៅវិញ យីគួរអោយក្តៅចិត្តមែន យ៉ាងម៉េចឥឡូវហ្នឹងចែឯងរកស៊ីធ្វើអីអញ្ចឹង ចង់លេងបីសន្លឹកដាក់ខ្ញុំ បោកខ្ញុំមិនបានទេចែ ព្រោះខ្ញុំក៏ជាអ្នកលក់មាន់ខ្វៃនៅក្រុងតាខ្មៅដែរ តិចខ្ញុំហៅអ្នកកាសែតអោយមកចុះផ្សាយកន្លែងរកស៊ីរបស់ចែឯងឥឡូវ ដើម្បីអោយល្បីកុំពូកែបោកប្រាស់គេពេក។ បន្ទាប់ពីគាត់ឡូឡាខ្លាំងនោះ ស្ត្រីដែលជាអ្នកលក់មាន់ដុតពីរនាក់ប្តីប្រពន្ធបានមកសុំទោសគាត់ ហើយសុំកុំឡូឡាទៀតអីចាំខ្ញុំដូរមាន់ថ្មីអោយវិញ ។
ចុះចាំបាច់ទៅហៅអ្នកកាសែតឯណាទៀត បើគាត់និយាយប្រាប់អ្នកកាសែតឡើងអស់សេចក្តីទៅហើយណ្នឹង។ ខណៈដែលបុរសនោះចេញទៅបាត់ក៏ស្រាប់តែស្ត្រីអ្នកលក់មាន់ដុតនោះប្រាប់អោយដឹងទៀតថា ខ្ញុំលក់នៅតូបលេខ៦ ជិតរោងដំរី ផ្លូវច្រកចេញពីសួនសត្វភ្នំតាម៉ៅនេះជាយូរមកហើយមិនដែលរកស៊ីបោកប្រាស់គេនោះទេ ទើបតែជួបភ្ញៀវមួយម៉ូយនេះ គឺមហាសែនយ៉ាប់ណាស់ រករឿងគ្រប់បែបយ៉ាង ចំជាស៊យមែនថ្ងៃនេះ។
គួររំលឹកថាការលក់ដូរចំណីអាហារមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរយើងនៅតាមហាងបាយឬរមណីដ្ឋានរួមទាំងតំបន់ទេសចរណ៍ផ្សេងៗ តែងតែលក់ដូរកាប់កោរភ្ញៀវមិនថាខ្មែរឬជនបរទេសនោះទេ ដូចជានៅទន្លេបាទី នៅតំបន់កំសាន្តស្រុកកៀនស្វាយ។ល។នឹង។ល។ សុំអោយអាជ្ញាធរនឹងមន្ត្រីជំនាញ
ដែលពាក់ព័ន្ធគួរតែចុះត្រួតពិនិត្យធ្វើការណែនាំអប់រំនឹងធ្វើកិច្ចសន្យាដល់ពួកគាត់ឡើងវិញដើម្បីជៀសវាងពីការរិះគន់របស់ភ្ញៀវទេសចរណ៍ទាំងក្នុងនឹងក្រៅប្រទេស៕ ធាម សំបូរ






























