បន្ទាយមានជ័យ ៖ ប៉ូលិសព្រំដែនច្រកតំបន់បឹងត្រកួន លើកគ្នាទៅឃាត់ចំណាកស្រុកខ្មែររាប់រយនាក់ ដែលកំពុងរកច្រកចេញទៅថៃស្ទើរតែរាល់ថ្ងៃ ក្រោយពេលទប់ស្កាត់បានហើយ មន្ត្រីប៉ូលិសប្រមូលពលករមកអប់រំនិងធ្វើកិច្ចសន្យាឲ្យទៅស្រុកកំណើតវិញ។
តាមការសង្កេតឃើញ នៅតាមច្រករបៀងនិង ច្រកបឹងត្រកួន ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ។
ពលករប្រុសស្រី រាប់រយនាក់ បានចាកចេញពីភូមិរបស់ខ្លួន ហើយនាំគ្នាចាញ់បោកមេខ្យល់យកទៅលក់ នៅឯប្រទេសថៃ។
លោកប្រាក់ សាំ មេបញ្ជាការរងប៉ូលិសព្រំដែនគោកលេខ៨០៧ ប្រចាំតំបន់ច្រកទ្វារបឹងត្រកួន បាននិយាយប្រាប់កម្ពុជាថ្មីថា ដោយអនុវត្តន៍ទៅតាមគោលការណ៍របស់លោកស្នងការខេត្តបន្ទាយមានជ័យដែលតម្រូវឲ្យប៉ូលិសនៅតាមព្រំដែនទាំងអស់ចូលរួមទប់ស្កាត់ពលករចំណាកស្រុកឲ្យទាល់តែបាន។ លោក ប្រាក់ សាំ បានបញ្ជាក់ទៀតថា ការទប់ស្កាត់ពលករចំណាកស្រុកនោះ គឺកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសគឺនៅក្នុងថ្ងៃទី៦ ខែ មិថុនាឆ្នាំ២០១២ មានពលករទៅធ្វើការវិលល្ងាចច្រើន ហើយលាយលំជាមួយពលករចំណាកស្រុកទៀតផង។ ដូច្នេះកម្លាំងត្រួតពិនិត្យប្រើពេលយូរបន្តិចទៅលើពលករទាំងនោះ។លោកមេបញ្ជាការរងរូបនោះ បានអះអាងទៀតថា រាល់ការទប់ស្កាត់ពលករចំណាកស្រុកនោះគឺមានការរិះគន់ផងដែរពីសំណាក់អស់លោកមន្ត្រី ប៉េអឹម សន្តិសុខលេខ៨៨៨ដោយអស់លោកទាំងនោះ នាំគ្នាសង្ស័យមកលើ ក្រុមប៉ូលិសថាបានយកលុយពីពលកររាល់ថ្ងៃ។
ប្រភពបញ្ជាក់ទៀតថា ខាងប៉ូលិសគឺអត់បានធ្វើទង្វើដូចគេចោទប្រកាន់ឡើយ។ លោកប្រាក់ សាំ បានបន្តទៀតថា ទោះជាគេសង្ស័យបែបណាក៏ដោយ ក៏ខាងលោកអត់ធ្មត់ ហើយនៅតែរក្សាភាពសាមគ្គីគ្នារវាងកងកម្លាំងប្រដាប់អាវុធដូចគ្នាដើម្បីការពារជាតិមាតុភូមិនិងរកសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋនៅតាមព្រំដែន៕
ពៅរី
































