សៀមរាប ៖ ក្រុមសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ប្រមាណជា៤០នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនឌឺប៊្លូថាំឃីន(ល្ពៅខៀវ) ដើម្បីធ្វើការតវ៉ានិងទាមទារអោយក្រុមហ៊ុនទទួលយកបុគ្គលិក២នាក់អោយចូលធ្វើការងារវិញ បន្ទាប់ពីបញ្ឈប់អស់រយៈពេលជាច្រើនខែមកហើយនោះ ។
សកម្មភាពតវ៉ានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
នៅក្នុងហេតុការណ៍ផ្ទុះការតវ៉ានេះ គេបានសង្កេតឃើញក្រុមអាជ្ញាធរមានសមត្ថកិច្ចខេត្ត ក្រុងសៀម រាប បានបញ្ជូនកងកម្លាំងនគរបាល នឹងប៉េអឹម ជាច្រើននាក់មកកាន់គោលដៅនោះ ដើម្បីរក្សារបៀបរៀប រយនឹងចរាចរផងដែរ ព្រោះតំបន់នោះពោរពេញទោដោយភ្ញៀវទេសចរចេញចូលមិនឈប់ឈរគ្រប់ពេល វេលា។ ជាពិសេសបានធ្វើការសម្របសម្រួលនាំអោយស្ថានការតានតឹងនោះមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការឯកភាពណាត់ជួបគ្នានៅសាលាក្រុងសៀមរាប ដើម្បីពិក្សាគ្នានឹងស្វែងរកដំណោះស្រាយ អោយបានសមស្របទាំងសងខាង ។
បុគ្គលិកទាំងពីរនាក់ដែលក្រុមហ៊ុនសម្រេចបញ្ឈប់ការងារនេះមានឈ្មោះ មៀន សំនី ភេទប្រុស អាយុ២៨ឆ្នាំ ២ឈ្មោះអ៊ាន សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងនេះរស់នៅស្រុកពួក ខេត្តសៀមរាប ។
ក្រុមអ្នកតវាបានអោយដឹថា គោលបំណងរបស់ពួកគេទាំងអស់គ្នាដែលធ្វើការតវ៉ានាពេលនេះដើម្បី អោយក្រុមហ៊ុនទទួលយកបុគ្គលិកទាំងពីរនាក់នេះអោយចូលធ្វើការងារវិញ ដោយសារតែគេយល់ឃើញថា អ្នកទាំងពីរនាក់នេះមានកំហុសបន្តិចបន្តួចសោះ ហេតុអ្វីបានជាក្រុមហ៊ុនចោទប្រកាន់នឹងបញ្ឈប់ការងារពួក គេបែបនេះ ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនដាក់ជូនមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានបង្ហាញថា អ្នកទាំងពីរនាក់នេះមានកំហុសធ្ងន់ធ្ងរ នឹងបានព្រមានជាច្រើនដងមកហើយតែពួកគេមិនព្រម ស្តាប់ ។ កំហុសពួកគេគឺលួចចុះបញ្ជីវត្តមានអោយអ្នកដែលមិនបានមកធ្វើការ នឹង មកធ្វើការមិនទៀងម៉ោង ព្រមទាំងផឹកស្រាស្រវឹងក្នុងម៉ោងធ្វើការងារថែមទៀតផង ។
ជាមួយគ្នានេះក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញសេចក្តីបង្គាប់់ នឹងសម្រេច ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ថា បដិសេធការទាមទាររបស់ភាគីកម្មករនិយោជិត អោយនិយោជកទទួលយកលោកមៀន សំនី នឹងលោកអ៊ាន សារ៉ាត់ ចូលធ្វើការវិញ ដោយសារតែពួកគេមានកំហុសធ្ងន់ធ្ងរដែលមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ ។
តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកតវ៉ានៅតែព្យាយាមសុំអោយក្រុមហ៊ុន ទទួលយកអ្នកទាំងពីរ នាក់នេះអោយចូលបំរើការងារវិញ ។ រហូតដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា នេះនៅឯសាលាក្រុងសៀមរាប ក្នុងកិច្ចជំនួបរវាងសហព័ន្ធសហជីព ជាមួយក្រុមហ៊ុនឌឹប៊្លូថាំឃីន(ល្ពៅខៀវ) ដោយមានការសម្របសម្រួលពី សំណាក់អាជ្ញារធរនោះ មិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយទេ ។ ក្នុងនោះខាងសហជីពទាមទារថា បើ ក្រុមហ៊ុនបញ្ឈប់ត្រូវផ្តល់ប្រាក់បំណាច់ក្នុងម្នាក់ចំនួន២៥០០ដុល្លាអាមេរិក បើមិនដូច្នោះទេត្រូវទទួលយកពួក គេអោយចូលធ្វើការងារវិញ ចំណែកខាងក្រុមហ៊ុនមិនទាន់មានការឯកភាពឬជំទាស់នោះទេ ដោយសុំដកខ្លួន រយៈពេល៣ថ្ងៃសិនដើម្បីធ្វើការពិចារណា៕ហម សំបូរ
































