សូយ ភីរម្យ អ្នកប្រដាល់ក្លិបអូដឹមកីឡា នឹងជួបប្រកួតជាមួយ សួង សុវណ្ណថា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នៅលើសង្វៀនTV5 នាល្ងាចថ្ងៃអាទិត្យទី២២ ខែកក្កដា ឆ្នាំ២០១២ខាងមុខនេះ។ អ្នកទាំងពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក។ ភីរម្យនេះ តាំងពីវិលត្រឡប់មកសង្វៀនវិញ ត្រូវគេចាប់ផ្គូឲ្យជួបប្រកួតជាមួយជើងខ្លាំងពីរបីនាក់ហើយ ដែលឡើងប្រកួតលើកក្រោយគេនេះ ភីរម្យវាយឈ្នះអ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ក្នុងទឹកទី៤។
សួង សុវណ្ណថា ជាអ្នកប្រដាល់វ័យក្មេង តែស្នៀតប្រដាល់និងកលល្បិចប្រកួតខ្ពស់ជាង ពិសិដ្ឋ។ មិនតែប៉ុណ្ណោះ សុវណ្ណថាមានចិត្តប្រដាល់ធំថែមទៀត។ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅថ្មីៗនេះ គេបានយកឈ្នះ ថុល មករា អ្នកប្រដាល់ក្លិបឃ្លាំងមឿងដោយពិន្ទុ។ តែលើកនេះ គេជួបជាមួយសូយ ភីរម្យ គឺពុំមែនជាការងាយស្រួលបង្ក្រាប ដូចថុលមករានោះទេ ព្រោះភីរម្យមិនមែនជាជើងទន់ៗនោះឡើយ ។
ស្នៀតទាត់នាគវ័ធកន្ទុយរបស់សូយ ភីរម្យ គឺល្បីល្បាញណាស់។ ដូច្នេះ សួង សុវណ្ណថា មិនអាចធ្វេសប្រហែសនោះទេ។ សូយ ភីរម្យ គេមានកាយសម្បទាល្អ ស្នៀតប្រដាល់ល្អ ចិត្តប្រដាល់របស់គេក៏ធំដែរ។ ជាមួយនេះ ល្បិចកលប្រកួតរបស់គេ ក៏ច្រើនសំបូរបែបដែរ ។ ទោះជាយ៉ាងណា សូយ ភីរម្យ ក៏មិនខ្លាំងដូចពីមុនដែរ ក្រោយពីគេបានចាកចោលសង្វៀនមួយរយះកន្លងមកនេះ ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នារវាងសូយ ភីរម្យ និង សួង សុវណ្ណថានេះ ពុំអាចទាយមុនថាអ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ។
ជឹម សារ៉ាត់ អ្នកប្រដាល់សមាគមកីឡាក្រសួងមហាផ្ទៃ នឹងជួបជាមួយធិន សុវណ្ណ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ។ពួកគេពីរនាក់នេះ ធ្លាប់ប៉ះគ្នាបីដងហើយកន្លងមក ដែលក្នុង៣ដងនេះ ជឹម សារ៉ាត់ឈ្នះដោយពិន្ទុទាំងបីលើក ។
ធិន សុវណ្ណ មានកាយសម្បទាល្អ កម្លាំងខ្លាំង ចិត្តប្រដាល់ក៏ធំ ប៉ុន្តែខ្វះកលល្បិចក្នុងការប្រកួត ក្នុងការផ្តួលយកឈ្នះលើគូប្រកួត ។ គេប្រកួតប្រមាណ១០ប្រកួតចុងក្រោយនេះ មិនដែលឈ្នះនោះឡើយ ។ សុវណ្ណ ប្រើកម្លាំងបាយ គឺទៅមិនរួចជាមួយជឹម សារ៉ាត់ទេ ព្រោះសារ៉ាត់នេះ ក៏ប្រើកម្លាំងបាយដែរក្នុងការប្រកួត ហើយកម្លាំងស៊ុហ្វរបស់សារ៉ាត់មិនងាយអស់នោះទេ ។ ដូច្នេះ ធិន សុវណ្ណឡើងសងសឹកលើកនេះ បើមិនប្រើខួរក្បាលក្នុងការប្រកួតទេនោះ គឺប្រាកដជាជួបសំណាងអាក្រក់ដូចលើកមុនៗមិនខាន ។
ធា រិទ្ធីអ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងជួបប្រកួតជាមួយចាន់ រតនះ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ៣ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ពុំធ្លាប់មានប្រវត្តិជួបគ្នាទេកន្លងមក ។
ធា រិទ្ធី ជាអ្នកប្រដាល់ស្រករក្រោយទេ ។ គេបានបាត់មុខពីសង្វៀនក្រោយពីប្រកួតចាញ់ ពិន្ទុ សារឿន ចាន់ អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១៥មករា២០១២ ។ គេបានវិលមកកាន់សង្វៀនវិញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ ហើយបានឡើងប្រកួតជាមួយសុខ វិស័យ អ្នកប្រដាល់ក្លិបតេជ្ជៈរាជសីហ៍ខេត្តក្រចេះហើយវាយចាញ់វិស័យដោយពិន្ទុ ។
ចាន់ រតនៈ ជាអ្នកប្រដាល់ស្រករៗនឹងធា រិទ្ធីដែរ ។ បើនិយាយពីសមត្ថភាពបច្ចេកទេស គឺមិនលើសខ្វះគ្នានោះប៉ុន្មានឡើយ ។ រាងរៅ កម្ពស់កំពប្រហាក់ប្រហែលគ្នា មាឌស្តើងដូចគ្នា ។ ខុសគ្នាបន្តិចត្រង់ចាន់ រតនៈ មានចិត្តតូចជាងធា រិទ្ធី។ រតនៈ ប្រកួតចុងក្រោយនេះ វាយចាញ់សំ ចន្ថា អ្នកប្រដាល់ជើងអន់នៃក្លិបសាលវ័ន្តដោយពិន្ទុ។ ការវ៉ៃចាញ់សំ ចន្ថា នេះ ដែលធ្វើឲ្យគេគ្មានជំនឿទុកចិត្តថា ចាន់ រតនៈ អាចយកឈ្នះ ធា រិទ្ធី បាននោះឡើយ ។
ធា រិទ្ធី នេះ អន់តែមាឌប៉ុណ្ណោះ ឯចិត្តប្រដាល់គឺធំ និងហ៊ានប្ដូរដើម្បីជ័យជំនះទៀតផង ។ ស្នៀតកែងរបស់រិទ្ធី សាហាវគួរសម ដោយសារគេដៃវែង ម្ល៉ោះហើយវាអំណោយផលដល់ការប្រើកែងនេះ។ ទោះជាយ៉ាងនេះ ក្តី ធា រិទ្ធី និង ចាន់ រតនៈ នេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់នោះទេក្នុងការជួបគ្នានេះ ? ។
ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា នឹងជួបប្រកួតជាមួយផល សុភាព អ្នកប្រដាល់ ក្លិបឃ្លាំងមឿងកីឡា។ ពីរនាក់នេះ មិនដែលប៉ះគ្នាទេពីមុនមក ។
ផល សុភាព ជាអ្នកប្រដាល់ថ្មីទើបឡើងប្រកួតបានប៉ុន្មានដងប៉ុណ្ណោះ។ ប្រកួតចុងក្រោយ គេវាយចាញ់ ឈាន ហុង អ្នកប្រដាល់ក្លិបអាជ្ញាធរជាតិអាវុធគីមី ក្នុងទឹកទី២ ដោយសន្លប់ក្រោមជង្គង់របស់ ឈាន ហុង ។
ធី តុងហ៊ី គ្រាន់តែគេប្រកួតបានច្រើនជាងសុភាពបន្តិចប៉ុណ្ណោះ ។ គេមិនជាខ្លាំងប៉ុន្មាន ទេ តែក៏មិនជាអន់នោះដែរ។ ប្រកួតចុងក្រោយ តុងហ៊ី វាយឈ្នះសេរី រតនា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាក្នុងទឹកទី៤។ ចាំមើល លើកនេះធី តុងហ៊ី អាចយកឈ្នះផល សុភាព បានដែរឬអត់ ? ៕
វិសិទ្ធ






























