កម្មវិធីប្រកួតកីឡាដើម្បីទាំងអស់គ្នា(Sport For All) ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការធ្វើជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីដំណើរការអស់រយៈពេលពីរថ្ងៃនោះ ។លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមបិទព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នានេះ ។
ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នានេះ ដែលប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃនេះមានមនុស្សចូលរួមជាង៥.០០០នាក់ ។ ដោយឡែក កីឡាករ កីឡាការិនីចូលរួមប្រកួតមានចំនួន៣៦៥នាក់ មកពីអង្គការ-សាលារៀនចំនួន ៨ និងមាន ១០ប្រភេទកីឡាដាក់ឲ្យប្រកួតជាមិត្តភាព និង កំសាន្តសប្បាយ ។ កីឡាទាំង ១០ ប្រភេទនោះមានបាល់ទាត់ បាល់ទះ បាល់បោះ ហុកគី វាយកូនឃ្លីលើតុ វាយសី អត្តពលកម្ម យុទ្ធគុនខម បាល់ឱប និងតេក្វាន់ដូ ។ហើយក៏មានបន្ថែមវិញ្ញាសាHip Hop ដើម្បីបង្កភាពសប្បាយដល់កីឡាករ កីឡាការិនី ផងដែរ ។
ចំពោះលទ្ធផលនោះ សំរាប់ប្រភេទកីឡាបាល់ទាត់លេខ ១បានទៅក្រុមអង្គការភាពញញឹមនៃកុមារ-១ លេខ ២ ក្រុមច្បារអំពៅ លេខ ៣ស្ទួនអង្គការភាពញញឹមនៃកុមារ-២ និងអង្គការមិត្តសម្លាញ់ ។
បាល់ទះលេខ ១បានទៅក្រុម LCDI លេខ ២ក្រុមអង្គការភាពញញឹមនៃកុមារ-១ និងលេខ ៣បាន ទៅក្រុមច្បារអំពៅ ។វាយសី ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករ ចែម សុភាពលេខ ២ឌឿន រចនា និងលេខ ៣សោម សាវីដែលមកពីអង្គការភាពញញឹមនៃកុមារជាមួយគ្នា ។
កីឡាវាយកូនឃ្លីលើតុកុមារាលេខ ១ ភិរក្ស លេខ ២សុខា ដែលមកពីអង្គការមិត្តសម្លាញ់ លេខ ៣ប៊ុនធឿន អង្គការភាពញញឹមនៃកុមារ ។ ផ្នែកកុមារីលេខ ១ទឹម ស្រីនិច លេខ ២ចឿន ស្រីពេជ្រ មកពីអង្គការមិត្តសម្លាញ់ និង លេខ ៣កែវ សុខម៉ៅអង្គការភាពញញឹមនៃកុមារ ។បាល់បោះទាំង លេខ ១ ទាំង លេខ ២បានទៅក្រុមអង្គការ ភាពញញឹមនៃកុមារ ។
ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសារត់៥០ម៉ែត្រកុមារាអាយុក្រោម១១ឆ្នាំ លេខ ១វៃ ចន្ទ្រាថេរវេលា៨វិនាទី៩៤ លេខ ២ វ៉ាន់ ចាន់ថេតថេរវេលា៩វិនាទី៤៦មកពីអង្គការភាពញញឹមនៃកុមារជាមួយគ្នា លេខ ៣ Ammarថេរវេលា១២វិនាទី ២២មកពីអង្គការ LCDI ។
កុមារាអាយុក្រោម១៣ឆ្នាំរត់៥០ម៉ែត្រដែរ លេខ ១គង់ សម្បត្តិថេរវេលា៧វិនាទី២២លេខ ២ពៅ ស៊ីវ៉េត ថេរ វេលា៧វិនាទី៩៤ លេខ ៣ សុខ គឹមសានថេរវេលា៨វិនាទី២៨មកពីអង្គការភាពញញឹមនៃកុមារជាមួយគ្នា ។ អាយុលើ១៦ឆ្នាំកុមារារត់ ៥០ម៉ែត្រ លេខ ១ សែម ចន្ថា៦វិនាទី២២ លេខ ២គង់ សារ័ត្ន ថេរវេលា៥វិនាទី៤៦ លេខ ៣ហេង លីហ៊ាង ថេរវេលា៦វិនាទី៦០មកពីអង្គការភាពញញឹមនៃកុមារជាមួយគ្នា ។
រត់ ៥០ម៉ែត្រនារីអាយុក្រោម១៨ឆ្នាំលេខ ១កីឡាការិនីខ្នា ឆវី ថេរវេលា៧វិនាទី៥៩ លេខ ២ អឿន វិច លីម ថេរវេលា៨វិនាទី១១ លេខ ៣សុខ រ័ត្ន ច័ន្ទថេរវេលា៨វិនាទី៤៣ ។ពួកគេមកពីអង្គការភាពញញឹមនៃកុមារជាមួយគ្នា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកបានមានប្រសាសន៍ឲ្យដឹងថា នេះជាលើកទី៤ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការសាមគ្គី អន្តរជាតិរៀបចំការព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា(Sport For All)នេះ ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























