ឡៅ ស៊ីណាតអ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានក្លាយជាម្ចាស់ប្រាក់ក្នុងធនាគាររបស់ TV3 បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៣ ខែមិថុនាឈ្នះពេជ្រ សីហាអ្នកប្រដាល់ក្លិបក្រសួងការពារជាតិដោយពិន្ទុនោះ។
ពេជ្រ សីហា វ៉ៃចាញ់ស៊ីណាតដាច់តែម្តង ។ កណ្តាប់ដៃរបស់សីហា វ៉ៃត្រូវស៊ីណាតមិនចំសិចល្អទេ ពោលគឺវ៉ៃចំចុងហ្គង់ដែលអាចនិយាយបានថា វ៉ៃតប់ៗប៉ុណ្ណោះ ដែលផ្ទុយពីឡៅស៊ីណាតគេវ៉ៃត្រូវសីហាចំគោលដៅនិងសិចពេញកែង ពេញកណ្តាប់ដៃ និងអុកជង្គង់ត្រូវឆ្អឹងជំនីពេញៗនោះ ។សីហា ប្រកួតបីទឹកចុងក្រោយ ស្រុតធ្លាក់ចុះជាងពីរទឹកដំបូង ។
ការស្រុតចុះកម្លាំងរបស់ពេជ្រ សីហានេះ ដោយសារតែគេគិតខុសដោយធ្លាប់តែដឹងថាស៊ីណាតឆាប់ស្រុតកម្លាំងនោះ គេក៏ខំប្រឹងវាយសំរុកខ្លាំងតាំងពីដើមទឹកទី១ទៅ តែស៊ីណាតមានអស់ស៊ុហ្វដូចជាការស្មានទុករបស់សីហាឯណា គឺស៊ីណាតបានវាយច្រាស់សងសីហាវិញដោយគ្មានញញើតនិងបានល្អថែមទៀត ។
សីហាមានទេពកោសល្យប្រើកណ្ដាប់ដៃ ឯស៊ីណាតមានផ្លែល្អគ្រប់ទាំងអស់ កែង និងជង្គង់របស់គេ ធ្វើឲ្យសីហាត្រូវយ៉ាងច្រើននិងចង់យ៉ាប់ជាងស៊ីណាតទៅទៀត ។ មកដល់ទឹកទី៣ ដែលជាទឹកស៊ីណាតទន់កម្លាំងនោះ បែរជាស៊ីណាតវ៉ៃកាន់តែល្អ និង មានប្រៀបលើ សីហាជាខ្លាំង ២ ទឹកចុងក្រោយសីហាបានក្លាយជាផ្ទាំងស៊ីបរបស់ស៊ីណាតតែម្ដង។
គួរបញ្ជាកថា កាលប្រកួតក្នុងវគ្គវិលជុំស៊ីណាតចាញ់ពិន្ទុសីហាដែលកាលនោះស៊ីណាតវ៉ៃល្អបានតែ ៣ ទឹកប៉ុណ្ណោះតែចាប់ពីចុងទឹកទី៣ ទៅស៊ីណាតដុនដាបកម្លាំងយ៉ាងខ្លាំងជាហេតុធ្វើឲ្យសីហាវាយលុកដោយគ្មានប្រណី។ តែពេលមកជួបគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រនេះ ពេជ្រ សីហាវាយចាញ់ឡៅ ស៊ីណាតដាច់តែម្តង ។
ចៅក្រមទាំង ៥នាក់ សុទ្ធតែផ្ដល់ពិន្ទុឲ្យឡៅ ស៊ីណាតឈ្នះពេជ្រ សីហាទាំងអស់គ្នាដែលបានន័យថាសីហាចាញ់ស៊ីណាតប្រាំសូន្យតែម្តង ។ ឡៅ ស៊ីណាតក្លាយជាម្ចាស់ប្រាក់ក្នុងធនាគារដែលទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០រៀល ចំណែក ពេជ្រ សីហាដែលចាញ់នោះ បានត្រឹមលុយតម្លៃខ្លួន៤០០.០០០រៀលតែប៉ុណ្ណោះ។
ឡុង សុវណ្ណឌឿន អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានវាយឈ្នះសាំង ស៊ីថា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ដោយពិន្ទុដាច់៥ទល់០តែម្តង ។ សាំង ស៊ីថា ប្រហែលជាអត់បានហាត់ទេមើលទៅ ព្រោះក្នុងការប្រកួតនេះគេដូចជាបាវសាក់អោយសុវណ្ណឌឿនវ៉ៃហាត់សមដៃ ជើងអីចឹង ។
សាំង ស៊ីថា ត្រូវសុវណ្ណឌឿន ដាល់ចូលមុខ ទាត់ត្រូវឆ្អឹងជំនី និងអុកជង្គង់ចូលពោះទឹកពេញៗ ។ នេះក្នុងការប្រកួតទឹកទី៥ ទាំងគ្រូបង្វឹកនិងអ្នកគាំទ្រខាងឡុង សុវណ្ណឌឿន អោយ បន្ថយការវ៉ៃផង ។
ផាន់ សុវណ្ណ អ្នកប្រដាល់ក្លិបមិត្តប៉ូលិស សន្លប់ក្រោមស្នៀតទាត់ផ្កាប់ចានរបស់ផន ប៊ុនម៉ៅ អ្នកប្រដាល់បូរីរាជសីហ៍មានរិទ្ទក្នុងទឹកទី៣ ។កាលពីជួបគ្នាលើកមុន សុវណ្ណវាយឈ្នះផន ប៊ុនម៉ៅត្រឹមតែពិន្ទុប៉ុណ្ណោះ ។
សុវណ្ណបាននិយាយក្រោយចុះពីលើរេញមកវិញថា គេលើកដៃស្តាំបិទដែរ តែជើងរបស់ផនប៊ុនម៉ៅ បានទាត់រំលងលើហ្គង់របស់គេ ដែលធ្វើអោយត្រូវចំគល់ថ្គាមស្តាំពេញទំហឹងតែម្តង ។
ចំណែក ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានផ្តួលសេរី រតនា អ្នកប្រដាល់ក្លិបឃ្លាំងមឿង អោយសន្លប់ក្នុងទឹកទី៤។ ពួកគេបានវាយប្តូរជង្គង់គ្នា តែដោយជង្គង់របស់ ធី តុងហ៊ីវែងជាង ក៏បានអុកចូលចុងឆ្អឹងជំនីស្តាំសេរី រតនា បណ្តាលអោយរតនាដួលសន្លប់ លែងក្រោក ។ ឯពេជ្រ ម្ទេសខ្មាំង អ្នកប្រដាល់ក្លិបអារុណរះកីឡា បានបំបាក់ថន វាសនាអ្នកប្រដាល់ក្លិបនាគមានជ័យ ឲ្យសន្លប់នៅក្នុងទឹកទី២ ដោយត្រូវនឹងជើងទាត់របស់ម្ទេសខ្មាំងត្រូវចំពោះ ៕
*សង្វៀនTV5
ជាម អាដាំ អ្នកប្រដាល់ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ សងសឹក ផល សុផាត អ្នកប្រដាល់ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញមិនបានសំរេចនោះទេ ក្នុងការជួបសងសឹកលើ សង្វៀនTV5 កាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមិថុនា ឆ្នាំ២០១២នេះ ។
កាលពីជួបគ្នាលើកមុននាឆ្នាំ២០១១ ជាម អាដាំ ក៏វ៉ៃចាញ់ផល សុផាត ដោយពិន្ទុដែរ ។ ឥឡូវឡើងសងសឹកវិញ ក៏នៅតែចាញ់ដោយពិន្ទុដដែល ។
ផល សុផាត ប្រើកណ្តាប់ដៃ វ៉ៃប្តូរជាមួយកណ្តាប់ដៃរបស់ជាម អាដាំ ដោយដាល់ត្រូវមុខអាដាំជាច្រើនដៃ ។ ជាមួយនឹងកណ្តាប់ដៃ សុផាតបានប្រើស្នៀតទាត់សំដៅកណ្តៀតក្អមអា ដាំច្រើនជើងថែមទៀត ។ តែអាដាំ ក៏មិនជាអន់ប៉ុន្មានដែរ គេបានវ៉ៃសងទៅលើផល សុផាតវិញ ដែលពេលខ្លះធ្វើអោយសុផាតព្រលឹងចុងសក់ដែរ ។
ទោះជាយ៉ាងណា កណ្តាប់ដៃរបស់ជាម អាដាំ វ៉ៃចេញបានតិចជាង និងខុសគោលដៅច្រើនការវ៉ៃចេញរបស់ផល សុផាត ។ ម្ល៉ោះហើយ ចប់ការប្រកួតផល សុផាត ឈ្នះជាម អាដាំ ដោយពិន្ទុ ។
ពុទ ហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ក៏សងសឹកយឹម ឌៀប អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ពុំបានសំរេចដែរ ។ ពុទ្ធ ហ៊ុច ប្រើស្នៀតជើងទាត់ច្រើន តែយឹម ឌៀបនៅតែដើរចូលវ៉ៃ ទៅលើកណ្តាលមុខពុទ្ធហ៊ុច ពេញៗ ។
យឹម ឌៀប គេប្រកួតដោយគ្មានខ្លាចពុទ្ធហ៊ុចអ្វីបន្តិច គឺដើចូលវ៉ៃមុនជានិច្ច ដែលធ្វើឲ្យពុទ្ធហ៊ុចដកថយរហូតដល់កៀនរេញ ។ កណ្តាប់ដៃឆ្វេងយឹមឌៀប ដាល់ត្រូវចំៗគោលដៅមុខ ពោះទឹក និងឆ្អឹងជំនីរបស់ពុទ្ធហ៊ុច បណ្តាលអោយពុទ្ធហ៊ុចចង់គាំងម្តងៗ ។ទោះជាយ៉ាងណា យឹម ឌៀបឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ ។
ចំណែកអ្នកប្រដាល់ជ័យ ប៊ុនសង់ ក្លិបខេមរិន្ទមានរិទ្ធ ប្រកួតចាញ់ចន្ថា សារ៉ាន់ អ្នកប្រដាល់ក្លិបយុវកីឡាខេត្តកណ្តាលដោយពិន្ទុ ហើយសល់ ប៊ុនអ៊ីម អ្នកប្រដាល់ក្លិបអាស៊ីកីឡាដោយពិន្ទុដែរ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























