អ៊ុង វិរៈអ្នកប្រដាល់ក្លិបកងពលទ័ពឆ័ត្រយោង៩១១ នឹងឡើងប្រកួតសងសឹកវ៉ែន សុវណ្ណ អ្នកប្រដាល់ក្លិបកងកេងខេត្តបាត់ដំបង នៅលើសង្វៀនបាយ័នបឹងស្នោរ នាថ្ងៃសុក្រទី២៩ខែមិថុនាឆ្នាំ២០១២នេះ ។
អ្នកប្រដាល់ទាំងពីរនាក់នេះ កាលពីជួបគ្នាលើកមុនថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ វ៉ែន សុវណ្ណបានយកឈ្នះលើ អ៊ុង វិរៈ ដោយពិន្ទុ។អ៊ុង វិរៈ វ៉ៃចាញ់វ៉ែនសុវណ្ណកាលណោះ ដោយសារពេលនោះគេនៅស្ទើរ នៅខ្លាចញញើតសុវណ្ណ ដែលជាអ្នកប្រដាល់ជើងចាស់ តែឥឡូវនេះអ៊ុង វិរៈគេលែងខ្លាចអ្វីទៀតហើយក្រោយពីផ្តួល ជើងខ្លាំងៗអស់ជាច្រើននាក់កន្លងមកនេះ ពិសេសបន្ទាប់ពីគេបំបាក់ពេជ្រ សម្បត្តិ អ្នក ប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានអនុស្សាវរីយ៍ទម្ងន់៦៩គ.ក្រកាលពីដើមខែកន្លងមកនេះ ។
អ៊ុង វិរៈ ជាអ្នកប្រដាល់ស្រករក្រោយមែន តែគេមានចិត្តប្រដាល់ធំ ស៊ូចំពោះការប្រកួត ។ អ៊ុង វិរៈ ផ្លែល្អមិនល្អ គេដឹងតែពីសម្រុកវ៉ៃមិនដកដៃទេ ។ កណ្តាប់ដៃរបស់អ៊ុង វិរៈ ល្អ តែមានទម្ងន់ស្រាលបន្តិច ស្នៀតជើងទាត់ក៏ដូច្នេះដែរ ។បើសិនគេវាយរាងធ្ងន់ដៃបន្តិច ម្ល៉េះគេរឹតតែល្អនិងខ្លាំងមិនខាន ។
ចំណែក វ៉ែនសុវណ្ណវិញ មានកាយសម្បទាល្អ ស្នៀតប្រដាល់ល្អ កម្លាំងស៊ុហ្វខ្លាំងរឹងមាំ ។ វ៉ែន សុវណ្ណ គេមានថ្វីដៃមិនជាដល់កំពូលនោះទេ តែគេធ្លាប់ឈ្នះខ្សែក្រវាត់ម្តងរួចមកហើយកាលពីចុងឆ្នាំ២០១០ ។ម្យ៉ាងទៀត គេមានចិត្តប្រដាល់ធំ ហ៊ានមិនចេះខ្លាចគូប្រកួតនោះឡើយ ។ ការប្រកួតចុងក្រោយរបស់គេគឺ វាយឈ្នះទូច រាជសីហ៍ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាក្នុងទឹកទី៤ ។
សុវណ្ណ មានកណ្តាប់ដៃច្បាស់ល្អណាស់ ហើយស្នៀតទាត់របស់គេ ក៏ល្អនិងខ្លាំងដែរ ។ និយាយរួម គេល្អជាង អ៊ុង វិរៈ ប៉ុន្តែខ្លាចកម្លាំងស៊ុហ្វរបស់គេមិនគ្រប់គ្រាន់តែប៉ុណ្ណោះ បើមានកម្លាំងស៊ុហ្វរឹងមាំនោះ សុវណ្ណប្រហែលជាមិនចាញ់ការប្រកួតនេះឡើយ ។
ទោះជាយ៉ាងណា សំរាប់ការជួបសងសឹកគ្នារវាងអ៊ុង វិរៈ និង វ៉ែន សុវណ្ណ នេះ ពុំមានអ្នកណាហ៊ានទស្សន៍ទាយមុនថា អ្នកណាជាអ្នកឈ្នះនោះឡើយ ? ត្បិតពួកគេមិនមែនជាអ្នកប្រដាល់ធុនអន់ងាយឲ្យទស្សន៍ទាយនោះទេ ។ ចាំមើល តើ អ៊ុង វិរៈ អាចសងសឹកវ៉ែន សុវណ្ណ បានសំរេចឬអត់ ? ។
ហ៊ឹម សារ៉ាន់ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយលួន សុខខេង អ្នកប្រដាល់ក្លិបសឹង្ហៈកីឡា ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនធ្លាប់ដែលជួបគ្នាទេពីមុនមក ។
លួន សុខខេង គេមិនដូចពីមុនទេ ដែលចេះតែដាល់ដៃម្ខាងនោះ ឥឡូវគេចេះគ្រប់អវយវៈទាំងអស់។ ការប្រកួតចុងក្រោយរបស់សុខខេង គឺវាយឈ្នះកន ចន្ថា អ្នកប្រដាល់ក្លិបអាជ្ញាធរជាតិអាវុធគីមីក្នុងទឹកទី៥ ។
សារ៉ាន់នេះ តាមមើលគឺពុំមានសំណាងល្អប៉ុន្មានឡើយ សំរាប់ការជួបប្រកួតជាមួយលួន សុខខេង នេះ ព្រោះថាសារ៉ាន់វ៉ៃខ្លាំងបានតែពីរឬបីទឹកដំបូងប៉ុណ្ណោះ ដល់ចាប់ពីចុងទឹក៣ទឹកឡើងទៅ គេចាប់ផ្តើមធ្លាក់ចុះ និងអោឱនក្បាលចូលក្រោមក្លៀកគេហើយ ។
ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលមិនអាចធ្វើការទស្សន៍ទាយមុនបានទេ ពោលគឺទាល់តែជួបគ្នានិងប្រកួតគ្នា ទើបអាចដឹងថានរណាឈ្នះ នរណាចាញ់បាន ។ ចាំមើល លើកនេះតើលួន សុខខេង ឈ្នះ ឬ ហ៊ឹម សារ៉ានជាអ្នកឈ្នះ ? ។
*សុខ វិស័យ និង ឈានហុង ជួបគ្នាដោះស្រាយកំហឹង
សុខ វិស័យ អ្នកប្រដាល់ក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តក្រចេះ នឹង ប្រកួតជាមួយឈាន ហុង អ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ នៅលើសង្វៀនបាយ័នបឹងស្នោរនេះដែរ នៅថ្ងៃសៅរ៍ ទី៣០ខែមិថុនា ឆ្នាំ២០១២នេះ ។
ឈាន ហុង និង សុខ វិស័យ ធ្លាប់ប៉ះគ្នាពីរដងហើយ ដោយវាយឈ្នះ ចាញ់គ្នាម្តងម្នាក់ដោយពិន្ទុ ។ សុខ វិស័យមិនធម្មតានោះឡើយ គេមានស្នៀតប្រដាល់ និងបច្ចេកទេសប្រកួតល្អ ។ អ្នកប្រដាល់រូបនេះ មានស្នៀតទាត់និងស្នៀតកណ្តាប់ដៃល្អ។ ថ្វីត្បិតតែនៅក្មេង វិស័យមានទិចនិចប្រកួតមិនចាញ់អ្នកប្រដាល់ជើងចាស់ប៉ុន្មានទេ ។ ប៉ុន្តែពេលនេះ គេជួបជាមួយឈាន ហុង ដែលជាគូសត្រូវចាស់មិនដឹងថាយ៉ាងណានោះទេ ។ ព្រោះថា ឈាន ហុង ពេលនេះមិនដូចឈាន ហុងពីមុននោះឡើយ ។
ទោះជាយ៉ាងណា រវាងឈាន ហុង និង សុខ វិស័យ នេះ ទោះបីជាពិបាកនឹងទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់ក៏ដោយ ក៏ការជួបគ្នាលើកនេះក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុក ពួកគេនៅតែមានសុទិដ្ឋិនិយមថា ឈាន ហុង នៅតែជាអ្នកឈ្នះនៅក្នុងការប្រកួតនេះដែរ ។ ដោយហេតុថា សុខវិស័យអាចចាញ់បច្ចេកទេស និងចាញ់ស្នៀតកែង ជង្គង់របស់ឈាន ហុង ។
សុខ វិស័យ ប្រកួតចុងក្រោយវាយឈ្នះ ធា រិទ្ធី អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុ ។ រីឯការប្រកួតចុងក្រោយរបស់ឈាន ហុង គឺវាយចាញ់Kitty Pong អ្នកប្រដាល់ថៃ ។
ម៉ាប់ ឆៃយ៉ា អ្នកប្រដាល់ក្លិបបក្សីស្លាបដែក នឹងត្រូវប៉ះជាមួយ ថៃ ប៊ុនហាន អ្នកប្រដាល់ក្លិបបូរីនាគរាជ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនធ្លាប់ដែលជួបគ្នាទេពីមុនមក។
ថៃ ប៊ុនហាន បច្ចុប្បន្ន នេះមិនធម្មតាទេ វាយចេញចូលរហ័ស ហើយបច្ចេកទេសប្រដាល់របស់គេក៏ល្អជាងមុនដែរ ។ គេវ៉ៃឈ្នះបួនប្រកួតជាប់គ្នា ដែលចុងក្រោយគេនេះ ប៊ុនហាន វាយឈ្នះ មាសសារិទ្ធ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាដោយពិន្ទុ ។
ម៉ាប់ ឆៃយ៉ា ប្រហែលជាទៅមិនរួចជាមួយ ថៃ ប៊ុនហាន ទេ បើតាមក្រុមអ្នកប្រដាល់ក្នុងស្រុកគេអះអាងនោះ។ ម៉ាប់ ឆៃយ៉ា ប្រកួតចុងក្រោយវាយឈ្នះ ពុទ្ធ ឆាយកុសល អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សក្នុងទឹកទី៣ ។ ទោះជាមានការវិភាគយ៉ាងណា រវាង ម៉ាប់ ឆៃយ៉ា និងថៃ ប៊ុនហាននេះ គឺពុំអាចទាយមុនថាអ្នកណាជាអ្នកឈ្នះនោះឡើយ ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























