ឌុន រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយវង្ស ស៊ីតោ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ នាល្ងាចថ្ងៃអាទិត្យទី០១ ខែកក្កដាឆ្នាំ២០១២ លើសង្វៀនTV5 ។
អ្នកប្រដាល់ទាំងពីរនេះ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ ពួកគេពុំដែលជួបគ្នាទេ កាលពីពេលកន្លងមក ។ រវាងឌុន រដ្ឋា និង វង្ស ស៊ីតោនេះ បើធ្វើការប្រៀបកម្លាំងគ្នានោះ គឺប្រហាក់ប្រហែលគ្នាទេ ។
វង្ស ស៊ីតោ តាំងពីពេលវិលមកសង្វៀនវិញ គេប្រកួតមិនដែលឈ្នះអ្នកណាឡើយ ។ ស៊ីតោគេបានតែកម្លាំងខ្លាំងប៉ុណ្ណោះ ឯបច្ចេកទេស ឬទិចនិចប្រកួតគេមិនសូវមានទេ ។រាល់ ការប្រកួត ស៊ីតោប្រើកម្លាំងបាយទាំងស្រុង ដោយវាយបុកទៅលើគូប្រកួតគ្មានបណ្តាក់ដៃទេ ប៉ុន្តែវ៉ៃអត់មានផ្លែអ្វីទេ ។
ឌុន រដ្ឋាវិញ គេគ្រាន់បើជាងស៊ីតោបន្តិចត្រង់ចេះប្រើខួរក្បាលវ៉ៃ គេមិនប្រើកម្លាំងបាយសុទ្ធសាធនោះទេ ។ តែរដ្ឋាក៏មានចំណុចខ្សោយមួយដែរ គឺវ៉ៃយឺតនិង ស្ពឹក ទម្រាំវ៉ៃចេញមួយដៃៗ ឬចេញជើងទាត់ ជង្គង់ម្តងៗនោះ ។ គេធ្លាប់វ៉ៃឈ្នះវង្ស ស៊ីថៃ ដែលជាបងរបស់ស៊ីតោ ។ ឌុន រដ្ឋា ឡើងប្រកួតចុងក្រោយជាមួយកៅ ឡាក់ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ប៉ុន្តែពុំមានលទ្ធផលឈ្នះចាញ់ឡើយ ។
សំរាប់ការជួបគ្នារវាងវង្ស ស៊ីតោ និង ឌុន រដ្ឋានេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ ពុំអាចទាយមុនបានទេ ព្រោះពួកគេទាំងពីរប្រកួតមិនសូវទៀងទាត់ ជួនល្អ ជួនអន់ ។
វៀត ប៊ុនឌឿន អ្នកប្រដាល់ក្លិបក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយជើងថ្មីស្រករក្រោយ អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ។ នេះជាការជួបគ្នារវាងអ្នកប្រដាល់ជើងចាស់និងអ្នកប្រដាល់ជើងថ្មី ។
អ៊ុំ ចំរើន គេទើបប្រកួតបានប្រហែលជាងដប់លើកតែប៉ុណ្ណោះ ។ អ្នកប្រដាល់រូបនេះ ទើបឡើងប្រកួតមែន តែវ៉ៃល្អ មានផ្លែល្អ ដែលស្នៀតពិសេសរបស់គេ គឺកណ្តាប់ដៃ ។ ៥ប្រកួតចុងក្រោយនេះ ចំរើនវាយឈ្នះរហូតដែលឡើងវ៉ៃចុងក្រោយគេ គឺឈ្នះឈិន ធារ៉ា អ្នកប្រដាល់ក្លិបអប់រំកាយស្រុកអន្លង់វែងដោយពិន្ទុ ។
ទោះជាបែបនេះក្តី ការប៉ះប្រកួតជាមួយវៀត ប៊ុនឌឿន ដែលជាអ្នកប្រដាល់ជើងចាស់នោះ អ៊ុំ ចំរើន ប្រហែលជាទៅមិនរួចនោះទេ ដោយសារថាវៀត ប៊ុនឌឿន គេមានស្នៀតប្រដាល់ល្អ មានកលល្បិចក្នុងការប្រកួតច្រើន ព្រមទាំងមានផ្លែសម្លាប់ទៀតផង ។ ការផ្គូផ្គងពីរនាក់អោយជួបគ្នា ដោយសារតែសម្លឹងឃើញថាវៀត ប៊ុនឌឿន អន់ជាងមុន តែប៉ុណ្ណោះ។ ចាំមើល តើអ្នកណាជាអ្នកឈ្នះក្នុងប្រកួតគ្នានេះ ? ។
ឡុង ប៊ុនហេង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយ ម៉ាត់ ឆ្វេង អ្នកប្រដាល់ក្លិបក្រសួងកសិកម្ម ។ ពីរនាក់នេះ ពីមុនមកមិនដែលប៉ះគ្នាទេ ។ ឡុងប៊ុនហេងនេះ ទើបតែវ៉ៃចាញ់ ម៉ន ភារម្យ អ្នកប្រដាល់ក្លិបព្រែកឯងកីឡាដោយពិន្ទុ ។
ម៉ាត់ ឆ្វេង ជាអ្នកប្រដាល់វ័យក្មេង មានស្នៀតប្រដាល់ល្អ ។ អ្នកប្រដាល់រូបនេះ រហ័សរហួន និងវ៉ៃប្ដូរស្នៀតតាមស្ថានភាពគូប្រកួតដែលខ្លាំង ឬខ្សោយនោះ ។គេប្រកួតចុងក្រោយ វាយចាញ់ហុង ឈុនហេង ក្នុងទឹកទី៥ ។
រវាងពួកគេទាំងពីរនាក់នេះ បើតាមក្រុមអ្នកវិភាគប្រដាល់អះអាងថា ម៉ាត់ ឆ្វេងល្អជាងឡុងប៊ុនហេង ហេតុនេះម៉ាត់ឆ្វេងមានប្រៀបឈ្នះច្រើនជាងចាញ់ ។
ចាន់ សំអាត អ្នកប្រដាល់ក្លិបសឹង្ហៈកីឡា ត្រូវជួបជាមួយ យ៉ាម សុផានិត អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា ។ អ្នកទាំងពីរនាក់នេះ ជាអ្នកប្រដាល់ថ្មីស្រករក្រោយដូចគ្នា ។ពីរនាក់ នេះ មិនដឹងថាអ្នកណាជាអ្នកឈ្នះនោះឡើយ ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|
























