សហព័ន្ធកីឡា Triathlon កម្ពុជា នឹងរៀបចំការប្រកួតកីឡាDuathlon ជាប្រភេទកីឡាអូឡាំពិកដែលកម្ពុជាពុំទាន់មានអ្នកណាស្គាល់នៅថ្ងៃទី ១៥ កក្កដាខាងមុខនេះនៅរាជធានីភ្នំពេញ ។
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ កក្កដា នៅសណ្ឋាគារ Naga World លោកឧកញ៉ាគង់ ឬទ្ធិជព្វ ប្រធានសហព័ន្ធកីឡា Triathlon បានបញ្ជាក់ថា កីឡា Duathlon មានកីឡា ២ ប្រភេទបញ្ចូលគ្នាគឺរត់ប្រណាំង និង ប្រណាំងកង់ ហើយការប្រកួតមាន ៣ ដំណាក់កាល ។ ដំណាក់កាលទី ១ គឺរត់ប្រណាំង បន្ទាប់ពីរត់ដល់ទី ត្រូវជិះកង់ប្រណាំងបន្តទៀត លុះពេលជិះកង់ដល់ទី ត្រូវបន្តរត់ទៀត ដែលជាការរត់ដំណាក់កាលចុងក្រោយ។ លោកគង់ ឬទ្ធិជព្វបន្តថា ព្រឹត្តិការណ៍ភ្នំពេញ Duathlon នេះ វាជាការចាប់ផ្ដើមមួយ ដើម្បីឈានទៅរៀបចំព្រឹត្តិការណ៍ Angkor Wat International Duathlon នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ឆ្នាំ ២០១២ នាតំបន់សៀមរាបអង្គរ។
លោកប្រធានសហព័ន្ធកីឡា Triathlon ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតជាលើកដំបូងនេះ នឹងធ្វើនៅមុខសណ្ឋាគារ Naga World និងកោះពេជ្រ ។ ការប្រកួតចែកចេញជា ៣ កម្រិតអាយុ គឺអាយុក្រោម១៨ឆ្នាំបុរស-នារី ដែលចាប់ផ្ដើមដំបូងរត់២,៥០គីឡូម៉ែត្រ បន្ទាប់មកជិះកង់ប្រណាំង ១០គីឡូម៉ែត្រ ហើយចុងក្រោយរត់ ២,៥០គីឡូម៉ែត្រទៀត។
អាយុពី១៨ឆ្នាំ ដល់ ៤០ឆ្នាំត្រូវចាប់ផ្ដើមជាមួយនឹងការរត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ ២០គីឡូម៉ែត្រ និងចុងក្រោយរត់២,៥០គីឡូម៉ែត្រ ។ មួយប្រភេទអាយុទៀត គឺអាយុចាប់ពី ៤១ឆ្នាំឡើង ដែលដំបូងរត់ ២,៥០គីឡូម៉ែត្រ ប្រណាំងកង់ ១០គីឡូម៉ែត្រ និងរត់បន្ត ២,៥០គីឡូម៉ែត្រ ។បេក្ខជនដែលចូលរួមប្រកួតត្រូវមានកង់ដៃត្រង់ផ្ទាល់ខ្លួន និងមួកសម្រាប់ពាក់ការពារសុវត្ថិភាពខ្លួនឯង។
លោកឧកញ៉ាគង់ ឫទ្ធីជព្វ ឲ្យដឹងទៀតថា មកទល់ពេលនេះអ្នកដែលបានចុះឈ្មោះចូលរួមប្រកួតដែលជាអត្តពលិកនៅក្នុងសហព័ន្ធកីឡា Triathlon សហព័ន្ធកីឡាហែលទឹក សហព័ន្ធកីឡាប្រណាំងកង់ សហព័ន្ធអត្តពលកម្ម និងមហាជនមានចំនួនជាង៦០០នាក់ហើយ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជាមានលក្ខណៈភូមិសាស្ត្រ ប្រកបដោយសក្ដានុពលសំរាប់ការរៀបចំព្រឹត្តិការណ៍កីឡា ដែលមានលក្ខណៈអន្តរជាតិដូចDuathlonនេះ ។ លោកបានចាត់ទុកថា Duathlon ជាប្រភេទកីឡាថ្មីមួយទៀត ដែលទាក់ទាញដៃគូឧបត្ថម្ភ ឲ្យមានការចាប់អារម្មណ៍ ព្រមទាំងចូលរួមច្រើនទៀតផង ព្រោះវាបានទទួលផលប្រយោជន៍ទាំងអស់គ្នា។ លោកបន្តថា Duathlon មិនដូចជាការរត់ពាក់កណ្តាលម៉ារ៉ាតុងនោះទេ ម៉ារ៉ាតុងអ្នកមិនមែនជាកីឡាករ ក៏អាចចូលលេងបានដែរ តែសំរាប់ Duathlon គឺទាល់តែអ្នកនោះចេះច្បាស់នូវជំនាញណាមួយឬចេះទាំងអស់ ទើបលេងបាន ៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























