*ព្រះខ័នរាជអាចឈ្នះអគ្គស្នងការនគរបាលជាតិឬអត់ ?
ក្រុមឆ្លាមសមុទ្រ និងក្រុមគីរីវង់សុខសែនជ័យ នឹងជួបគ្នានៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១២នេះ សំរាប់ការប្រកួតជើងទី២Metfone Cambodian League 2012។
ទោះបីជាក្រុមឆ្លាមសមុទ្របច្ចុប្បន្ន ថិតនៅបាតតារាងជាបណ្ដោះអាសន្នសំរាប់ការប្រកួតLeague ២០១២នេះក្តី ក៏គីរីវង់សុខសែនជ័យមិនអាចមើលស្រាលបានដែរ ព្រោះគីរីវង់ធ្លាប់ចាញ់ឆ្លាមសមុទ្រ២ដងហើយដែរ ក្នុងការជួបគ្នាក្នុងLeague២០១១ក្នុងជើងទី២ និងជើងទី១League២០១២នេះ។
នៅក្នុងការជួបគ្នាជើងទី១League២០១២ ឆ្លាមសមុទ្រស៊ីគីរីវង់សុខសែនជ័យ ៤ ទល់ ០ ឯណោះ ដែលលទ្ធផលនេះសឹងតែធ្វើឲ្យគេមិនចង់ជឿទាល់តែសោះ។ ហើយក្នុងការប្រកួតLeagueឆ្នាំចាស់ ជើងទី១គីរីវង់សុខសែនជ័យឈ្នះឆ្លាមសមុទ្រ៣ទល់១ តែនៅជើងទី២ឆ្លាមសមុទ្រស៊ីគីរីវង់សុខសែនជ័យវិញ៣ទល់០។ ដូច្នេះ ក្រុមទាំងពីរសុទ្ធតែធ្លាប់ឈ្នះ និង ចាញ់ដូចគ្នា ។ ហេតុនេះ សំរាប់ការជួបគ្នាក្នុងជើងទី២League២០១២នេះ វាពិបាកនឹងទស្សន៍ទាយមុនថាក្រុមណាឈ្នះ ក្រុមណាចាញ់ណាស់។
គីរីវង់សុខសែនជ័យ លេងបាន១៤ប្រកួត មាន១២ពិន្ទុ គឺឈ្នះ ៣ប្រកួតចាញ់៨ ប្រកួតនិងស្មើ៣ប្រកួត ឯឆ្លាមសមុទ្រលេងបាន១៤ប្រកួតដែរ ដោយឈ្នះ២ប្រកួត ចាញ់១១ប្រកួតនិងស្មើ១ប្រកួត បាន៧ពិន្ទុ។ ពោលគីរីវង់មានលំដាប់លេខ៨ ឯឆ្លាមសមុទ្រថិតនៅបាតតារាង។
ក្នុងចំណោម១០ក្រុម ដែលលេងក្នុងLeague២០១២នេះ មានតែក្រុមឆ្លាមសមុទ្រមួយប៉ុណ្ណោះ ដែលមើលទៅរាងលំបាកនិងវេទនាជាងគេ ដោយសារតែខ្សត់ខ្សោយធនធាន។ ប៉ុន្តែទោះជាបែបនេះក្តី ឆ្លាមសមុទ្រនៅមានកីឡាករស្បែកខ្មៅ៣នាក់លេងអោយដែរ។ មានន័យថា ឆ្លាមសមុទ្រមានលទ្ធភាពជួលកីឡាករបរទេសមកលេងអោយក្រុមគេដែរ។
គីរីវង់សុខសែនជ័យ ជាក្រុមមានធនធានបង្គួរដែរ។ កីឡាកររបស់ក្រុមនេះ មានចំរុះជាតិសាសន៍តាំងពីជនជាតិស្បែកខ្មៅ និងវៀតណាម តែក្រុមនេះ លេងពុំសូវកាប់កបប៉ុន្មានឡើយ សំរាប់Leagueឆ្នាំនេះ។ កាលពីឆ្នាំមុន គីរីវង់សុខសែនជ័យមានលំដាប់លេខរៀងទី៦ ឯឆ្លាមសមុទ្រស្ថិតនៅលំដាប់លេខរៀងទី៨ គឺប៉ិះនឹងធ្លាក់ពីLeagueនេះ។ ចាំមើល ការជួបគ្នានៅក្នុងជើងទី២នេះ តើគីរីវង់សុខសែនជ័យឬ ក៏ឆ្លាមសមុទ្រដែលរកបាន៣ពិន្ទុនោះ ?។
ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ នឹងជួបជាមួយក្រុមព្រះខ័នរាជ។ ក្រុមអគ្គស្នងការនគរបាលជាតិ ជាក្រុមចំណូលថ្មីដែលទើបឡើងមកលេងក្នុងLeagueបានពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រុមនេះមានរបៀបលេងល្អដោយសារកីឡាករភាគច្រើនជាកីឡាករចាស់ធ្លាប់លេងក្នុងLeague និងមួយចំនួនជាកីឡាករក្មេងៗ មានកម្លាំងស៊ុហ្វល្អ មានល្បឿនរត់លឿន គ្រាន់តែខ្វះល្បិចកលក្នុងការលេងបន្តិចប៉ុណ្ណោះ ។ដូច្នេះ ក្រុមព្រះខ័នរាជមិនត្រូវមើលស្រាលនោះឡើយ។ ទោះបីជាក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាពីរលើកហើយក៏ដោយ កាលពីក្នុងរដូវកាលចាស់ ហើយអគ្គស្នងការនគរបាលជាតិចាញ់ទាំងពីរលើកក្តី ។ តែការជួបលើកទី៣ក្នុងជើងទី១League២០១២នេះ ព្រះខ័នរាជចាញ់អគ្គស្នងការនគរបាលជាតិយ៉ាងឈឺចាប់បំផុត ដោយចាញ់២ទល់៣។
សំរាប់ការប្រកួតក្នុងរដូវកាលថ្មីនេះ អគ្គស្នងការនគរបាលជាតិមានលំដាប់លេខ២ក្នុងតារាង ដែលមាន៣០ពិន្ទុក្នុង១៥ប្រកួត គឺឈ្នះ ៨ ប្រកួត ស្មើ ៦ ប្រកួត ចាញ់ ១ប្រកួត។ ឆ្នាំមុន ក្រុមប៉ូលិស ថិតនៅលំដាប់លេខរៀងទី៧ ក្នុងចំណោម១០ក្រុម ដោយក្នុង១៨ប្រកួតលេងឈ្នះ៧ ប្រកួត ចាញ់៩ ប្រកួត ស្មើ ២ប្រកួត មាន២៣ពិន្ទុ។
ចំណែកក្រុមព្រះខ័នរាជវិញ ជាក្រុមចាស់វស្សាហើយក្នុងការលេងLeagueនេះ។ ក្រុមនេះលេងបាន១៤ប្រកួតទេ ដោយឈ្នះ៩ ប្រកួត ចាញ់ ៣ប្រកួត ស្មើ២ប្រកួត មាន២៩ពិន្ទុ ថិតនៅលេខរៀងទី២ក្នុងតារាង ។
ឆ្នាំមុន ព្រះខ័នរាជទទួលបានចំណាត់ថ្នាក់លេខ៣ ដោយក្នុង១៨ប្រកួតរកបាន៣៤ ពិន្ទុ គឺឈ្នះ ១០ ប្រកួត ចាញ់ ៤ ប្រកួត ស្មើ ៤ ប្រកួត។ សំរាប់ការប្រកួតLeagueឆ្នាំនេះ ព្រះខ័នរាជមានលក្ខណៈល្អជាងមុន។
សំរាប់ការជួបគ្នារវាងក្រុមព្រះខ័នរាជ និង ក្រុមអគ្គស្នងការនគរបាលជាតិនៅជើងទី២នេះ គេមិនហ៊ានអះអាងថា ព្រះខ័នរាជ ឬ អគ្គស្នងការនគរបាលជាតិ ដែលរកបាន៣ពិន្ទុបន្ថែមនោះ ? ។
គួរបញ្ជាក់ថា កាលពីLeague ២០១១កន្លងមក ជួបគ្នាក្នុងជើងទី១ អគ្គស្នងការនគរបាលជាតិចាញ់ព្រះខ័នរាជ១ទល់៣ និងជើងទី២ចាញ់ព្រះខ័នរាជ០ទល់៣ ទៀត៕
វិសិទ្ធ
| < មុន | បន្ទាប់ > |
|---|


























