អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសំរាប់ការសិក្សាពហុភាគី លោក Benjamin Ho Tze Ern នៃសាលា S. Rajaratnam សំរាប់ការសិក្សាអន្តរជាតិនៃប្រទេសសិង្ហបុរីបានចោទសួរ កាលពីថ្ងៃ ២១ កុម្ភៈ ឆ្នាំ ២០១២ នេះថា ខណៈដែលប្រទេសអាស៊ាន ប្រឹងប្រែងថ្លឹងរវាងចិន និងសហរដ្ឋអាមេរិក តើសមាជិករបស់ អាស៊ាន ត្រៀមខ្លួនសំរាប់វេលាសកលឬនៅ? ចំណោទបញ្ហានេះ នាំអោយស្មេរត្រូវតែរំលឹក សំដីរបស់អគ្គលេខាធិការអាស៊ាន បាន គីមូន ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន/សហប្រជាជាតិលើកទីបួន កាលពីដំណាច់ឆ្នាំ ២០១១ ថា “សេដ្ឋកិច្ចបណ្តាប្រទេសអាស៊ានបន្តរីកធំ ប្រជាជនរាប់លាននាក់ត្រូវបានស្រង់ចេញពីភាពក្រីក្រ ហើយច្រើនទៀតក៏នឹងទទួលបានវាសនាដូចគ្នា។
... នេះ គឺជាពេលសំរាប់ អាស៊ាន ដើម្បីនឹងបោះជំហានចូលទៅតួនាទីសកលពិតប្រាកដ។ ពិភពលោកកំពុងត្រូវការជំនួយ ការដឹកនាំរបស់អ្នក។ ពិភពលោក ត្រូវការអាស៊ី អោយចូលពាក់ព័ន្ធពេញទំហ៊ឹង ដោះស្រាយការប្រឈមធំៗ នាពេលបច្ចុប្បន្ន។ ស្មេរ បានថែមពត៌មាន និងការវិភាគត្រួសៗ តាមការគួរ ដើម្បីជួយសំរួលល្បឿនការអាន និងយល់ពីហេតុការណ៍ពាក់ព័ន្ធនានា។
មានការពិចារណាច្រើនក្នុងទសវត្សកន្លងទៅ ពាក់ព័ន្ធនឹងការងើបឡើងរបស់អាស៊ី ដឹកនាំ ដោយចិន និងឥណ្ឌា និងតួនាទីដែលកាន់តែសំខាន់ឡើងនៃទ្វីបនេះ។ ការប្រកាសដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton កាលពីឆ្នាំទៅថា សតវត្សទី ២១ នឹងអាចជា “សតវត្សប៉ាស៊ីហ្វិក” របស់អាមេរិក បានពង្រឹងបន្ថែមទៀតនូវជំនឿថា ស្នូលនៃនយោបាយសកលនឹងត្រូវមានទីតាំងនៅក្នុងអាស៊ី។ ហើយ ដូចដែលមានចងច្រងជាឯកសារយ៉ាងល្អ ភាពវឹកវរសេដ្ឋកិច្ចដែលកំពុងតែកើតមាន ក៏បាននាំអោយប្រទេសនៅលោកខាងលិចកាន់តែច្រើនឡើង សម្លឹងទៅអាស៊ី ពិសេសប្រទេសចិន ដើម្បីជំនួយហិរញ្ញវត្ថុ។ ក្នុងខណៈដែលមានអន្តរកាលការដឹកនាំជាច្រើនកើតមាននាចុងឆ្នាំនេះ ក្នុងចំណោមប្រទេសមហាអំណាចធំៗ គេអាចរំពឹងថា លក្ខខណ្ឌអាស៊ី នឹងជាកត្តាមួយសំខាន់ក្នុងការថ្លែងការណ៍នយោបាយ នៃមេដឹកនាំខ្លួន។
តើការកើនឡើងនៃភាពលេចធ្លោរបស់អាស៊ី មានន័យដូចម្តេចសំរាប់អាស៊ាន ជាសហគមន៍នយោបាយ មានដប់ប្រទេសជាសមាជិក ដែលវត្តមានតំបន់បានទទួលនូវការយកចិត្តទុកដាក់ច្រើនឡើងពីសហគមន៍អន្តរជាតិ នាពេលថ្មីៗ នេះ? ក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមរួចទៅហើយ យុទ្ធសាស្ត្រ “ការតាំងទីការទូតទៅមុខ” នៅក្នុងតំបន់ ដែលបានឃើញតាមរយៈការចូលរួមរបស់លោកស្រី Clinton កាលពីវេទិកាតំបន់អាស៊ានកាលពីឆ្នាំកន្លងទៅ និងទស្សនកិច្ច ធ្វើអោយមានការកត់សំគាល់របស់គាត់ទៅកាន់ប្រទេស មីយ៉ាន់ម៉ា កាលពីខែ ធ្នូ។ ការធ្វើឡើងពេលថ្មីៗ នេះ ដោយសហរដ្ឋអាមេរិក នូវជំនួបថ្នាក់ខ្ពស់ផ្សេងគ្នា ជាមួយ ហ្វីលីពីន និងសិង្ហបុរី ស្តីពី បញ្ហាការពារ និងសន្តិសុខ លើកជាទស្សនៈថា អាស៊ាន នឹងក្លាយជាតំបន់យុទ្ធសាស្ត្រ បើគិតពីការពាក់ព័ន្ធនៃយុទ្ធសាស្ត្រយោធារបស់ក្រុង វ៉ាស៊ីនតោន។ ក្នុងបទសម្ភាសន៍ថ្មីៗ នេះ នៅទូរទស្សន៍ ស៊ីអិនអិន នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលុង ពីចំណែករបស់គាត់ បានកត់សំគាល់ថា វត្តមានសហរដ្ឋអាមេរិកក្នុងតំបន់ តាំងពីសង្គ្រាមលោកលើកទីពីរ បានជា “ឥទ្ធិពលមិនបង្កអោយមានគ្រោះថ្នាក់” និងថា “ជាឧទាហរណ៍មួយល្អសំរាប់ចិន ដើម្បីនឹងប្រជែងធ្វើអោយកាន់តែល្អ។
ឆ្លើយនឹងសំណួរ “តើលោកគិតថា ចិន នឹងបានទទួលនូវការជឿទុកចិត្តថាជាមហាអំណាចត្រួតត្រាគេឯងនៅអាស៊ីឬទេ?” របស់ FAREED ZAKARIA នៃកម្មវិធី Global Public Square (GPS) របស់ទូរទស្សន៍ស៊ីអិនអិន ផ្សាយថ្ងៃ ០៦ កុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលុង បានបកស្រាយពីការគិតរបស់គាត់ថា “មហាអំណាចកំពូលៗ ឬប្រទេសធំ ត្រូវតែធ្វើអោយប្រទេសដ៏ទៃ សម្លឹងមើលខ្លួនជាមួយនឹងក្តីគោរពដ៏ប្រុងប្រយ័ត្ន ... សូម្បីតែសហរដ្ឋអាមេរិកក៏ដោយ។ តែ សហរដ្ឋអាមេរិក ក្រោយរយៈពេល ៧០ ឬក៏ជាង ៦០ ឆ្នាំក្នុងតំបន់ប៉ាស៊ីហ្វិក ចាប់តាំងពីពេលសង្គ្រាម នៅតែទទួលបានការស្វាគមន៍ និងចាត់ទុកថាមានភាពស្លូតបូត។ នោះគឺជាឧទាហរណ៍ដ៏ល្អ ដែលពយកចិន ត្រួវតែស្វះស្វែងធ្វើអោយបានល្អជាងទៀត។
ក្នុងពេលនេះ ក្រុងប៉េកាំង ក៏បានចេញដំណើរតាមការវាយលុកដោយការទាក់ទាញរបស់ខ្លួន ដោយ ដាក់លុយនៅនឹងកន្លែងដែលត្រូវការ។ ដោយបូកផ្សំគ្នារវាងពាក្យសម្តីនយោបាយ ជាមួយធនធានសម្ភារៈ ចិនបានកសាងច្រើនឡើងនូវកេរ្តិឈ្មោះ ជាអ្នកមានចំណែកយូរអង្វែងគួរអោយទុកចិត្តមួយ។ បន្ថែមលើពាណិជ្ជកម្មសេរីអាស៊ាន/ចិន មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលចិន ក៏បានស្នើផ្តល់មូលនិធិ ១០ ពាន់លានដុល្លារ សំរាប់គំរោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ រួមដោយ ១៥ ពាន់លានដុល្លារទៀត ជាកម្ចីសំរាប់គំរោងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងតំបន់ នៅក្នុងរយៈពេលបី ទៅ ប្រាំឆ្នាំខាងមុខ។
តាមទីភ្នាក់ងារសារពត៌មានចិន ស៊ីនហួ ថ្ងៃ ១៨ វិច្ឆិកា ២០១១ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន/ចិន ឬហៅថា CAFTA, ដែលត្រូវបានចុះហត្ថលេខានៅភ្នំពេញ កាលពីឆ្នាំ ២០០២ ហើយដែល បានចូលជាធរមាន នៅថ្ងៃ ០១ មករា ឆ្នាំ ២០១០ ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតមួយ គិតពីចំនួនប្រជាជន និងមានទំហំធំទីបី គិតជា ផលិតផលក្នុងស្រុកសរុប បន្ទាប់ពី តំបន់សេដ្ឋកិច្ចអឺរ៉ុប និងតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ តាមល្បឿនពាណិជ្ជកម្មទ្វេភាគី គោលដៅពាណិជ្ជកម្មសរុប នឹងឈានដល់ ៥០០ ពាន់លានដុល្លារ នៅឆ្នាំ ២០១។ គិតមកដល់ខែ វិច្ឆិកា ឆ្នាំ ២០១១ ចិន បានវិនិយោគសរុបជិត ១៣ ពាន់លានដុល្លារ ក្នុងបណ្តាប្រទេសអាស៊ាន ដែលធ្វើអោយឃើញច្បាស់ថា អាស៊ាន ជាគោលដៅវិនិយោគសំខាន់របស់ចិន។ កាលពីឆ្នាំ ២០០៩ ចិនបានប្រកាសថា ផ្តល់ឥណទានអោយបណ្តាប្រទេសអាស៊ាន និងបង្កើតជាមូលនិធិចិន/អាស៊ាន សំរាប់សហប្រតិបត្តិការវិនិយោគ មានទំហំ ១០ ពាន់លានដុល្លារ។ ក្នុងរយៈពេលដូចគ្នា ចិន បានផ្តល់ទឹកប្រាក់កម្ចីមានទំហំ ១២.២ ពាន់លានដុល្លារ ដល់បណ្តាប្រទេសអាស៊ាន សំរាប់គំរោងហេដ្ឋារចនាសម្ព័ន្ធនានា។
ជាការពិត លទ្ធភាពរបស់ក្រុងប៉េកាំង ក្នុងការរក្សាដំណើរសេដ្ឋកិច្ចគោស្ទាវរបស់ខ្លួន ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកលក៏ដោយ ក៏បានជំរុញអ្នកវិភាគអោយលើកហេតុផលថា ចិន អាចនឹងចេញមុខជាប្រភពឯករាជមួយនៃសេចក្តីត្រូវការ ដោយសក្តានុពលអ្នកប្រើប្រាស់របស់ចិន នឹងជំនួស ហោចណាស់ក៏មួយផ្នែក ការប្រើប្រាស់ដែលបានបាត់បង់ទៅនៅលោកខាងលិច ត្រូវបានយកទៅពិភាក្សាច្រើន។
ក្នុងបទសម្ភាសន៍តែមួយដូចគ្នានោះ FAREED ZAKARIA បានសាកសួរនាយករដ្ឋមន្ត្រី លី សៀនលុង អំពីក្តីបារម្ភដ៏ធំមួយ មនុស្សជាច្រើនប្រយ័ត្នប្រយែងក្នុងឆ្នាំនេះ គឺសេដ្ឋកិច្ចចិននឹងមានការថយល្បឿន (សូមអាន អាស៊ីអគ្នេយ៍៖ ដំណើរសេដ្ឋកិច្ច ឆ្នាំ ២០១២ ផ្សាយថ្ងៃទី ២៨ កុម្ភៈ ២០១២)។ លោក លី បានឆ្លើយថា “ខ្ញុំជាមនុស្សសុទិដ្ឋិនិយម។ ខ្ញុំមិនអាចថា វានឹងមិនមានភាពរពើតរពើងក្នុងរយៈពេលខ្លីខាងមុខនេះទេ។ តែខ្ញុំគិតថា ក្នុងរយៈពេលវែងទៅមុខ និន្នាការគឺវានឹងហក់ឡើង។ ពួកចិន បានសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះ។ ពួកគេបានកសាងសមត្ថភាព ក្នុងឧស្សាហកម្មជាច្រើន រថយន្ត និងខាងអេឡិកត្រូនិកមួយចំនួនផង។ តែ វាជាសេដ្ឋកិច្ចមួយដែលរីកធំធាត់យ៉ាងលឿន ត្រូវការអ្វីៗ ច្រើនយ៉ាង តាំងពីផ្លូវ សាលារៀន ផ្ទះសម្បែង រហូតដល់រាប់លាន។ រៀងរាល់ឆ្នាំ ប្រជាជនចិន ១% ត្រូវចូលទៅនៅក្នុងទីក្រុង មានន័យថា ១៣ លាននាក់ ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ” លោក លី និយាយថា វាអាចថានឹងមានការចោះចតសេដ្ឋកិច្ចដែលមិនជារលូនទេ តែ ចិន ពិតជានឹងមិនអីទេ។
សេចក្តីត្រូវការដើម្បីនឹងមានលំនឹងផលប្រយោជន៍ទាំងរបស់ វ៉ាស៊ីនតោន ទាំងរបស់ចិន មិនមែនបាត់បង់លើអាស៊ានទេ ដូចដែលរដ្ឋមន្ត្រីការបរទេសសិង្ហបុរី K. Shanmugam បានកត់សំគាល់ ដោយលោកបានស្នើថា សហរដ្ឋអាមេរិក ត្រូវជៀសវាងពាក្យសម្តីប្រឆាំងចិន ក្នុងការដេញដោលមតិក្នុងស្រុក ខណៈដែលលោកទៅធ្វើទស្សនកិច្ចនៅ វ៉ាស៊ីនតោន កាលពីដើមខែ នេះ។ ឯកអគ្គរដ្ឋមន្ត្រីគោចរ Tommy Koh ក្នុងបទសម្ភាសន៍ថ្មីៗ នេះ បានពន្យល់យុទ្ធសាស្ត្រ អាស៊ាន ថា “(នាំយក) មហាអំណាចធំៗ (ពិសេសសហរដ្ឋអាមេរិក និងចិន) អោយចូលរួម ហើយ (បណ្តុះក្នុងពួកគេ) នូវក្របខណ្ឌសហប្រតិបត្តិការ ... ដូចនេះ (កាត់បន្ថយ) នូវកង្វះភាពទុកចិត្តគ្នា។ ជាមួយនឹងកិច្ចប្រជុំកំពូលទម្រង់ថ្មីនៃអាស៊ីបូព៌ា ដែលទាញយកនូវការយកចិត្តទុកដាក់ដល់តំបន់ចុងក្រោយនេះ មានអ្នកប្រាជ្ញមួយចំនួន បានពណ៌នាពីតម្រូវការអោយ អាស៊ាន ត្រូវដឹកនាំការប្រជុំកំពូលអាស៊ីបូព៌ា តាមរបៀបមួយ ដែលនឹងធ្វើអោយ ការប្រជុំនោះ “ទទួលយកបានដោយក្រុងប៉េកាំង ក៏ដូចជា មានការពាក់ព័ន្ធទៅនឹង វ៉ាស៊ីនតោន។
យ៉ាងណាក្តី ក្នុងសៀវភៅ សហរដ្ឋអាមេរិក និងអាស៊ីអគ្នេយ៍ លោក Tommy Koh បានសរសេរថា “វត្តមានសន្តិសុខរបស់សហរដ្ឋអាមេរិក បានធានាថា អាស៊ីអគ្នេយ៍ មិនត្រូវបានត្រួតត្រាដោយមហាអំណាចណាមួយទេ ហើយនោះ គឺជាគោលដៅជាស្នូល នៃយុទ្ធសាស្ត្រសន្តិសុខរបស់សហរដ្ឋអាមេរិក ក្នុងតំបន់។ សូមទាញអារម្មណ៍លោកអ្នកអានបន្តិចថា សហរដ្ឋអាមេរិក មានសន្ធិសញ្ញាផ្នែកការពារជាទ្វេភាគី ជាមួយ ហ្វីលីពីន និងថៃ រហូតប្រទេសទាំងពីរមានឈ្មោះថាជា សម្ព័ន្ធមិត្តសំខាន់នៃអង្គការ ណាតូ ទៀតផង។ សិង្ហបុរី អនុញ្ញាតអោយកងកម្លាំងសហរដ្ឋអាមេរិក អាចចេញចូលប្រើមូលដ្ឋានអាកាស និងកងទ័ពជើងទឹកបាន។ ខណៈកំពុងពង្រីកទំនាក់ទំនងជាមួយប្រ៊ុយណេ និងម៉ាឡេស៊ី ខាងសន្តិសុខ សហរដ្ឋអាមេរិក ក៏បានបន្តឡើងវិញ នូវចំណងទាក់ទងយោធាពេញលេញ ជាមួយ ឥណ្ឌូនេស៊ី។
វិធីមួយដើម្បីនឹងអោយបានសំរេចកិច្ចការនេះ គឺការសង្កត់ធ្ងន់លើ “ភាពជាស្នូលនៃអាស៊ាន” និយមន័យនៃនិម្មាបកម្មតំបន់ដឹកនាំដោយអាស៊ាន ដែលក្នុងនោះ ទំនាក់ទំនងរបស់តំបន់ជាមួយពិភពលោក ត្រូវបានអនុវត្តជាមួយការគិតគូរពីផលប្រយោជន៍នៃសហគមន៍អាស៊ាន ជាប់ជាមួយផង។ ហេតុអ្វីបានជាអាស៊ីអគ្នេយ៍ សំខាន់ជាស្នូល? សំរាប់សហរដ្ឋអាមេរិក លោក Tommy Koh បានអះអាងក្នុងសៀវភៅដដែលថា “ចាប់តាំងពីមានការវាយប្រហារភេរវកម្មថ្ងៃ ១១ កញ្ញា ពួកអ្នកធ្វើគោលនយោបាយនៅ វ៉ាស៊ីនតោន ... មានការព្រួយបារម្ភអំពីសកម្មភាពភេរវកម្ម ដូចជា Jemaah Islamiyah ក្នុងតំបន់អាស៊ីភាគអគ្នេយ៍ ដែលជាប់ទាក់ទងជាមួយអាល់កៃអ៊ីដា ជាដើម។
ចាប់តាំងពីឆ្នាំ ២០០២ មក ជាទូទៅ ប្រទេសសមាជិកអាស៊ាន បានធ្វើការជាមួយសហរដ្ឋអាមេរិក ក៏ដូចជារវាងសមាជិកយ៉ាងពេញទំហ៊ឹង ដោយចែករំលែងពត៌មានស៊ើបការណ៍ និងឃាត់ខ្លួនភេរវករនានាក្នុងតំបន់។ ក្រៅពីនេះ ក៏មានហេតុផលនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សំរាប់សហរដ្ឋអាមេរិកផងដែរ ក្នុងការតាំងទំនាក់ទំនងជាមួយអាស៊ីអគ្នេយ៍ ហើយការវិវត្តន៍ចុងក្រោយថ្មីៗ នេះ ក៏បានបង្ហាញហើយថា រដ្ឋបាល អូបាម៉ា កំពុងតែអោយទម្ងន់ទៅលើ ការបង្កើនកិត្យានុភាព និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងតំបន់។
ក្នុងរូបភាពពាណិជ្ជកម្ម និងវិនិយោគ តាមការរៀបរាប់របស់លោក Tommy Koh អាស៊ានជាដៃគូសំខាន់សំរាប់សហរដ្ឋអាមេរិក ជាង អាមេរិកឡាទីន រុស្ស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទំនាក់ទំនងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអាស៊ាន មានភាពធំធេង រីកធំធាត់ និងមានផលទៅវិញទៅមក ដោយការវិនិយោគនៅអាស៊ាមរបស់សហរដ្ឋអាមេរិក មានប្រមាណជា ១០០ ពាន់លានដុល្លារ លើសពីការវិនិយោគរបស់សហរដ្ឋអាមេរិកនៅ ចិន ហុងកុង និងតៃវ៉ាន់ រួមគ្នាទៅទៀត។ គួរទាញអារម្មណ៍ថា អាស៊ីអាគ្នេយ៍ នាំចូលទំនិញអាមេរិកពីរដងច្រើនជាងចិន។
ជាច្រើនឆ្នាំកន្លងទៅ ភាពមានប្រយោជន៍នៃយុទ្ធសាស្ត្រនេះ បានបង្ហាញនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាមួយដែលមានរបៀបវារៈ និងសមាជិកភាព កំណត់តែដោយសមាជិកអាស៊ានប៉ុណ្ណោះ។ កាលមុន ហើយក៏អាចថាទាំងពេលបច្ចុប្បន្ននេះដែរ ទោះបីជាមានការរីកចំរើនជាវិជ្ជមានថ្មីៗ ក៏ដោយ មានការគិតឃើញនៅអាស៊ីអគ្នេយ៍ទាំងមូលថា សហរដ្ឋអាមេរិក នៅតែមានអាកប្បកិរិយាអវិជ្ជមានចំពោះអាស៊ាន។ តាមពិតទៅ ការយល់ដូចនេះ ក៏វាមិនជាឃ្លាតឆ្ងាយពីការពិតប៉ុន្មានទេ ព្រោះមន្ត្រីសហរដ្ឋអាមេរិកមួយចំនួន បានចាត់ទុកអាស៊ានថាជា កន្លែងជជែកគ្នា និងជាអង្គការតំបន់គ្មានប្រសិទ្ធិភាព។ តែក្រោយមកក៏មានអ្នកសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកមួយចំនួននិយាយថា “ទស្សនៈនេះ ជាការយល់ខុស។
លោក Tommy Koh គិតថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកបែបនេះ គឺដោយសារតែមិនមានការយល់ដឹងគ្រប់គ្រាន់ពីអ្វីដែលអាស៊ាន សមិទ្ធិបានក្នុងប៉ុន្មានទសវត្សកន្លងទៅ។ លោកលើកជាមតិថា ក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមិនយល់ ឬអោយតម្លៃតួនាទីដ៏សំខាន់ ដែលអាស៊ាន បានប្រកាន់យក ជាអ្នកសំរបសំរួល ជាអ្នកកោះប្រជុំ និងជាអ្នកកសាងសន្តិភាព។ ក្រោយ សង្គ្រាមត្រជាក់ អាស៊ាន បានប្រកាន់យកគំនិតផ្តើមពីរ តាមទស្សនៈរបស់លោក Tommy គឺ ទីមួយ ស្វាគមន៍ប្រទេសអតីតសត្រូវបី គឺ វៀតណាម ឡាវ និងកម្ពុជា អោយចូលអាស៊ាន និងទីពីរ ការផ្តើមគំនិតអិយមានវេទិកាតំបន់អាស៊ាន ដែលមានសមាជិក ២៦ ប្រទេសចូលរួម បន្ថែមលើសមាជិកអាស៊ាន ក្នុងនោះមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងរុស្ស៊ី ដែលសុទ្ធតែមានចំណែកក្នុងសន្តិភាព និងស្ថេរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកអ្នកអានជាទីមេត្រី នៅឆ្នាំ ២០០៥ អាស៊ាន បានដាក់ចេញនូវគំនិតផ្តើមមួយទៀត កោះប្រជុំកំពូលអាស៊ីបូព៌ាលើកដំបូង ដែលមានមេដឹកនាំអាស៊ាន បូកប្រទេសបី គឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមនឹងអូស្ត្រាលី ឥណ្ឌា និងនូហ្សេឡឹន។ ក៏មានអ្នកប្រយ័ត្នប្រយែងនៅសហរដ្ឋអាមេរិក ដែលគិតថា ការបង្កើតសហគមន៍អាស៊ីបូព៌ាមួយមានប្រសិទ្ធិភាព មិនអាចធ្វើបានទេ។ ពិតហើយ មានតែពេលវេលាទេទើបអាចបញ្ជាក់បាន។ យ៉ាងណាក្តី សូមជ្រាបថា សហគមន៍អាស៊ីបូព៌ា គឺជាបំណងជាធម្មជាតិក្នុងតំបន់ ក្នុងការពង្រឹងចំណងទាក់ទង និងបង្កើតជាអត្តសញ្ញាណតំបន់រឹងមាំមួយ។ ប្រការនេះ ក៏បានធ្វើអោយមជ្ឈដ្ឋានខ្លះនៅអាស៊ីគិតថា សហរដ្ឋអាមេរិក មិនចង់ឃើញអាស៊ីសមាហរណកម្មគ្នាទេ។
យ៉ាងណាក្តី តាមដែលឃើញកន្លងមក ទោះបីជាសហរដ្ឋអាមេរិកមិនមែនជាផ្នែកមួយរបស់សហគមន៍អាស៊ីបូព៌ាក៏ដោយ ក៏ក្រុមនៅតែគិតថាសំខាន់ដើម្បីនឹងនាំសហរដ្ឋអាមេរិកអោយចូលពាក់ព័ន្ធ ក្នុងថានៈជាដៃគុសន្ទនាដែរ ដោយសហរដ្ឋអាមេរិក អាចចូលរួមពិភាក្សាបានលើគ្រប់មូលបទប្រឈមនៃពិភពលោក តាំងពី បរិស្ថាន សន្តិសុខថាមពល ជំងឺឆ្លង ឧក្រិដ្ឋកម្មឆ្លង ដែន រហូតដល់គ្រោះធម្មជាតិជាដើម។ តាមពិតទៅ តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ពិភពលោកក្នុងនោះ មានទាំងអាស៊ីផងដែរ ទទួលស្គាល់ថា សហរដ្ឋអាមេរិក គឺជាមហាអំណាចធំ។ ឯរឿងដែលថ្មី គឺ ពេលដែលចិន ក៏កំពុងតែពង្រីកអំណាច និងឥទ្ធិពលខ្លួន ប្រទេសអាស៊ីក៏កំពុងតែចោទសួរ ថាតើសហរដ្ឋអាមេរិក អាចធ្វើជាមេដឹកនាំមានប្រសិទ្ធិភាព នៅអាស៊ីអគ្នេយ៍ ឬទីដ៏ទៃនៃពិភពលោកឬទេ?
ការរាប់បញ្ចូលសហរដ្ឋអាមេរិក និងរុស្ស៊ី ចូលក្នុងកិច្ចប្រជុំ កាលពីឆ្នាំកន្លងទៅ ស្នើជាគំនិតថា មានការយកចិត្តទុកដាក់ធំឡើង ស្របទៅតាមសាច់រឿងនយោបាយអាស៊ាន។ វេទិកាអាស៊ានកាលពីឆ្នាំកន្លងទៅ ក៏បានធ្វើជាសាក្សីពីការចូលរួមរបស់ប្រទេស អាស៊ាន នៅក្នុងបញ្ហាយ៉ាងធំទូលាយ រាប់តាំងពីទំនាស់ទឹកដីក្នុងសមុទ្រចិនភាគខាងត្បូង រហូតដល់កម្មវិធីអាវុធនុយក្លេររបស់កូរ៉េខាងជើង ដែលអគ្គលេខាធិការអាស៊ាន ស៊ូរិន ពិតសុវណ្ណ ថ្លែងក្នុងបទសម្ភាសន៍ថ្មីៗ នេះថា “ការដែលពិភពលោកមានចំណាប់អារម្មណ៍នឹងវេទិកាអាស៊ាន និងឆាករបស់អាស៊ាន (មានន័យថា) យើងបានបំពេញមុខនាទីហើយ វាមានន័យថា យើងបានធ្វើតាមគោលបំណងហើយៗ ក៏មានតម្លៃក្នុងការដឹកនាំរបស់យើង នូវនិម្មាបកម្មកិច្ចសហប្រតិបត្តិការនេះ (នៅអាស៊ីបូព៌ា)”
យ៉ាងណាក្តី មានគ្រោះថ្នាក់មួយនៃការពង្រីកភាពមានប្រយោជន៍ និងប្រសិទ្ធិភាពរបស់វាទៅហួសពេកនូវអភិក្រមមួយដូចនេះ ពិសេសបើរដ្ឋជាសមាជិកចាប់ផ្តើមអនុម័តនូវ ការសម្លឹងចូលមកក្នុងវិញ អ្វីៗ គឺវាជារឿង ទឹកចិត្តអាស៊ាន (ASEAN mentality)។ ថ្លែងទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំ នៃការចរចាពាណិជ្ជកម្ម ឆ្នាំ ២០១២ របស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ ថ្លែងថា “បណ្តាប្រទេសអាស៊ាន ត្រូវធ្វើការកែទំរង់ច្បាប់ និងនិយតកម្មនានា ដើម្បីសំរួលដល់កំណើនពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់ជា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងចូលជាធរមាននៅឆ្នាំ ២០១៥ ខាងមុខ។ ដោយសារតែការថយល្បឿនសេដ្ឋកិច្ចសកល ការវិនិយោគបរទេសជាច្រើន បានចូលទៅអាស៊ាន ដែលត្រូវបានគេឃើញ តាមលោក ស៊ូរិន និយាយ ថាជាទីផ្សារប្រកបដោយថាមភាព និងសក្តានុពល។ សូមជំរាបថា ក្នុងទំហំទុនវិនិយោគ ៧៨ ពាន់លានដុល្លារ នៅអាស៊ាន កាលពីឆ្នាំ ២០១០ មាន ៧០% ដាក់នៅក្នុងវិស័យសេវា។
និយាយជាប្រតិមតិ ការឡើងទៅកាន់ភាពលេចធ្លោសកលនៃអាស៊ាន កើតមានដោយសារតែ ឆន្ទៈរបស់បណ្តាប្រទេសអាស៊ាន ចង់បើកចំហរប្រទេសទៅរកបណ្តាប្រទេស ក្នុងសហគមន៍សកលធំទូលាយ។ និយាយដោយសម្តីម្យ៉ាងទៀត ភាពជាស្នូលនៃអាស៊ាន អាចកើតមានបាន ដោយសារតែប្រទេសអាស៊ាននិមួយៗ ជ្រើសយកការសំរបសំរួលជោគវាសនារបស់ខ្លួន ជាមួយភាគឯទៀតនៃពិភពលោក ហើយដោយធ្វើដូចនេះ បង្កើតជាជោគជ័យរួមនៃសហគមន៍អាស៊ាន។
យោងទៅលើសារជាតិដែលកាន់តែស្មុគ្រស្មាញ និងមានជ្រុងត្រូវពិនិត្យដោះស្រាយច្រើន នៃ ការប្រឈមសកលនានា និន្នាការ និងការប៉ុនប៉ងសំរាប់អាស៊ាន ដើម្បីនឹងពិនិត្យមើលទៅខាង ក្នុងខ្លួនឯងវិញ នឹងកើនឡើង។ ក្តីបារម្ភនានា អំពីទំនាក់ទំនងអំណាចធំៗ និងភាពមិនច្បាស់លាស់ពីថា តើអន្តរកម្មទាំងនេះ អាចនឹងសំដែងដូចម្តេច អាចនឹងនាំរដ្ឋសមាជិកអាស៊ាន ទៅរកការផ្តាច់ខ្លួនចេញ ពីការប្រឈមសកលនានា និង ផ្ទុយទៅវិញ បង្កើតជានិន្នាការសុញ (មិនឃើញវែងឆ្ងាយ) និងឯកកោនិយម។ លទ្ធផលទៅជាបែបនេះ នឹងមិនជាជោគល្អទេសំរាប់អាស៊ាន ហើយក៏អាចធ្វើអោយគាំងដល់ តំបន់ ដែលកំណើនត្រូវបានកសាងលើទំនាក់ទំនងចម្រុះ និងប្រកបដោយថាមភាពដែលរដ្ឋសមាជិកនិមួយៗ មានជាមួយពិភពលោកទាំងមូល។
វាកើតមានរួចទៅហើយ ដែលក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ ២០១២ នេះ បានឃើញមានការលេចចេញនូវនិទានកថានយោបាយជាច្រើន ដែលអាចកំណត់ពីរឿងហេតុសកលសំរាប់ពេលវេលាដែលនៅសល់ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ ដូចជា វិបត្តិអូសបន្លាយនីស៊ីរី ភាពទ័លច្រកហិរញ្ញវត្ថុនៅក្រិក និងការមិនចុះញ៉មរបស់អ៊ីរ៉ង់ ចំពោះការដាក់ទណ្ឌកម្មជាអន្តរជាតិ នឹងសាកល្បងនូវភាពប៉ិនប្រសប់ និងការតាំងចិត្តដោះស្រាយរបស់សហគមន៍ ក្នុងការបកស្រាយជាការឆ្លើយតបមួយយ៉ាងត្រឹមត្រូវ។ ជាយថាហេតុ អាស៊ាន នឹងត្រូវអូសទាញចូលទៅក្នុងទិដ្ឋភាពនេះ ជាមិនខាន។ សំណួរគឺ តើក្នុងទំហំណា ដែល អាស៊ាន អាចរក្សាការចូលរួមសកលរបស់ខ្លួន ខណៈដែលក្នុងពេលជាមួយគ្នា ត្រូវរក្សាផ្ទះរបស់ខ្លួននិមួយៗ អោយមានរបៀប។ នេះ គឺជាការសាកល្បងយ៉ាងសំខាន់ពីការត្រៀមខ្លួនជាស្រេច និងការជាប់ពាក់ព័ន្ធ របស់អាស៊ាន ជា អ្នកមានចំណែកទទួលខុសត្រូវក្នុងតំបន់៕























