ហៀល វែលឌី
ថ្ងៃ ១៧ ឧសភា ២០១២ Richard Weitz នៃសារពត៌មាន The Diplomat បានបកស្រាយយ៉ាងក្បោះក្បាយ អំពីការប្រជែងគ្នារវាងមហាអំណាចនុយក្លេអ៊ែរ ៣ គឺ សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ក្នុងការរក្សា និងឈានទៅដណ្តើមឧត្តមភាពខាងនុយក្លេអ៊ែរក្នុងគោលដៅយោធា។ ទោះបីថា ចំណងជើងលើកឡើងពីតួនាទីអាចនឹងមានការគំរាមកំហែងរបស់រុស្ស៊ីនៅអាស៊ីក្តី លោក Richard Weitz បានលើកឡើងអំពី យុទ្ធសាស្ត្រ និងគោលដៅនៃប្រទេសមហាអំណាចនិមួយ ក្នុងការប្រកាន់ជំហរសហការ ឬប្រឆាំង នឹងដំណោះស្រាយស្តីពី ការគ្រប់គ្រង ការផលិត និងការមិនរាយសាយ វត្ថុធាតុ និងសព្វាវុធ នុយក្លេអ៊ែរ។ ប្រមុខនៃរដ្ឋាភិបាលមួយចំនួន តាមវេទិកាសំខាន់ៗ នានា នៅបានវាយតម្លៃថា “ពិភពលោកកំពុងនៅក្នុងស្ថានភាពប្រកួតប្រជែងសព្វាវុធ” ដ៏គ្រោះថ្នាក់នៅឡើយទេ។
ដោយអះអាងថា “សហរដ្ឋអាមេរិក អាចប្រថុយនឹងកំហុសជាយុទ្ធសាស្ត្រធ្ងន់ធ្ងរ បើធ្វេសប្រហែសអំពីរុស្ស៊ី និង ខណៈដែល សេតវិមាន និងមន្ទីប៉ង់តាហ្គោន សម្លឹងមើលទៅតំបន់ ប៉ាស៊ីហ្វិក ក្រុងមូស្គូ និងចិន កំពុងតែចាត់ចែងដំណើរការរបស់ខ្លួនហើយ” នោះ Richard Weitz បានបកស្រាយទស្សនៈរបស់គាត់ដូចតទៅ៖
ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនចូលរួមកិច្ចប្រជុំ G-8 និងការប្រជុំកំ ពូល ណាតូ នៅក្នុងខែឧសភានេះ ស្នើជាមតិថា គាត់មានផែនការប្រគល់ទំនាក់ទំនងជាមួយលោកខាងលិចច្រើនតាមដែលអាចធ្វើទៅបាន អោយទៅអ្នកបន្ទាប់ គឺ Dmitri Medvedev ខណៈគាត់ប្រមូលផ្តុំការប្រឹងប្រែងការទូតរបស់គាត់ក្នុងអតីតសាធារណរដ្ឋសូវៀត នៃតំបន់ អឺរ៉ាស៊ី និងមណ្ឌលអំណាចសេដ្ឋកិច្ចលេចមុខថ្មីៗ នៃអាស៊ីបូព៌ា។
ពូទីន ជាអ្នកគាំទ្រនាំមុខគេក្នុងចំណោមមេដឹកនាំរុស្ស៊ី ក្នុងការធ្វើអោយស៊ីជំរៅការភ្ជាប់ទំនាក់ទំនងនៅអាស៊ីរបស់រុស្ស៊ី ហើយ មន្ទីប៉ង់តាហ្គោន និងសេតវិមាន ត្រូវតែតម្រង់ទិសការបោះស្នឹងនៅអាស៊ីអោយបានត្រឹមត្រូវ ដើម្បីទប់ទល់នឹងការតម្រង់ទិសអាស៊ីថ្មីរបស់ក្រុង មូស្គូ។ ជាមួយការគិតនេះ ការប្រឹងប្រែងដើម្បីនឹងដាក់អានុភាពលើទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន ពិសេសក្នុងអាណាចក្រនុយក្លេអ៊ែរ ជាការមួយសំខាន់មែនទែន ដោយសារថា ពូទីន និងជនរុស្ស៊ីជាច្រើនទៀត សម្លឹងទៅចិនជាកាលានុវត្តភាពផង ជាការប្រឈមផង។ សកម្មភាពការទូតត្រីភាគីយ៉ាងឈ្លាសវៃពីចំណែកសហរដ្ឋអាមេរិក អាចនឹងទាញផលបានពីភាពខុសគ្នានេះ ដើម្បីអូសទាញប្រទេសទាំងពីរអោយដើរតាមគោលនយោបាយសន្តិសុខស្លូតបូតជាង នៅអាស៊ី និងនៅទីនានា។
រុស្ស៊ី និងចិន មានយោធាដែលមានកម្លាំងខ្លាំងក្លាបំផុតពីរនៃពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចិនកំពុងអនុវត្តអ្វីដែលប្រហែលជា កម្មវិធីទំនើបភាវូបនីយ៍កម្មយោធាគ្រប់ជ្រុងជ្រោយបំផុត ក្នុងពិភពលោកបច្ចុប្បន្ន ខណៈដែលរុស្ស៊ី ប្រហែលជានៅមានសមត្ថភាពអាវុធនុយក្លេអ៊ែរ ប្រដំប្រសងគ្នានឹងសហរដ្ឋអាមេរិក។ បើទោះជាកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី មានភាពរឹងមាំនៅក្នុងករណីមួយចំនួនក៏ដោយ (ដូចជា ការធានាអោយរៀបចំថ្មីនូវសន្ធិសញ្ញាមិនរាយសាយសព្វាវុធនុយក្លេអ៊ែរ ជាដើម) ក៏នៅក្នុងករណីខ្លះទៀតវាមិនគ្រប់គ្រាន់ទេ ដូចជា បញ្ហាពាក់ព័ន្ធអ៊ីរ៉ង់ និងកូរ៉េខាងជើង សូម្បីតែមិនមានប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំងបី ចង់ឃើញអំពីការរាយសាយអាវុធនុយក្លេអ៊ែរថែមទៀតក៏ដោយ។
ដោយប្រឈមមុខជាមួយក្រុងវ៉ាស៊ីនតោន ក្រុងមូស្គូ និងប៉េកាំង អាចនឹងរារាំងការសម្រេចជាក់ស្តែងនូវគោលបំណងសំខាន់ៗ របស់សហរដ្ឋអាមេរិកនៅអាស៊ី។ ជាឧទាហរណ៍ ប្រទេសទាំងពីរ អាចនឹងបោះឆ្នោតជំទាស់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូចដែលពួកគេបានធ្វើរួចមកហើយថ្មីៗ នេះ ដោយរួមសហការគ្នារារាំងក្រុមប្រឹក្សា មិនអិយអនុម័តការដាក់ទណ្ឌកម្មម៉ឺងម៉ាត់ប្រឆាំងអ៊ីរ៉ង់ និងកូរ៉េខាងជើង ចំពោះសកម្មភាពនុយក្លេអ៊ែរខុសច្បាប់។
ជាការផ្ទុយស្រឡះមកវិញ ពេលណាពួកគេសហការ រដ្ឋាភិបាលចិន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចពង្រឹងការហាមឃាត់ការរាយសាយសព្វាវុធ។ ពួកគេក៏អាចរាំងខ្ទប់កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ និងកូរ៉េខាងជើង ហើយក៏អាចកំញើញកម្មវិធីសព្វាវុធនុយក្លេអ៊ែរជាតិផ្សេងៗ ទៀត ដែរ។ ក្នុងកិច្ចប្រជុំប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូចជានៅក្នុងកិច្ចប្រជុំមុនៗ ដែរ ប្រទេសទាំង ៣ បានរួមជាមួយអង់គ្លេស និងបារាំង អំពាវនាវអោយអ៊ីរ៉ង់ និងកូរ៉េខាងជើង គោរពតាមនិយាមមិនរាយសាយ។ ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏មានលទ្ធភាពធំបំផុត ដើម្បីនឹងធានាអោយបានគត់មត់នូវវត្ថុធាតនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ រារាំងការផ្ទេរនូវវត្ថុធាតុពាក់ព័ន្ធនឹងនុយក្លេអ៊ែរ និងបង្កជាអានុភាពសេចក្តីសំរេចនៃស្ថាប័នអន្តរជាតិ និងតំបន់ ដែលនិយាយដល់ការត្រួតត្រា និងមិនរាយសាយអាវុធនុយក្លេអ៊ែរ។
ទាំងអស់នេះ កើតមានក្រោយប្រវត្តិទំនាក់ទំនងរវាងរដ្ឋាភិបាលរុស្ស៊ី និងចិន សឹងតែមិនធ្លាប់ដែលមាន។ ប្រទេសទាំងពីរបានស្រាយមួយផ្នែកធំនូវទំនាស់ព្រំដែនលេចធ្លោ ក៏ដូចជា បានទប់ស្កាត់ការប្រជែងរវាងគ្នានៅអាស៊ីកណ្តាល ឧបទ្វីបកូរ៉េ និងតំបន់ឯទៀត។ សន្ធិសញ្ញាមិត្តភាពចិន/រុស្ស៊ី ឆ្នាំ ២០០១ បង្កើតបានជាមូលដ្ឋានសំរាប់ការសហការខាងសន្តិសុខ និងការពារទ្វេភាគីយ៉ាងទូលំទូលាយ។ មេដឹកនាំរបស់ប្រទេសទាំងនេះ បានចូលប្រឡូកក្នុង ការដោះដូរទស្សនកិច្ចថ្នាក់ខ្ពស់ជាច្រើន ធ្វើសេចក្តីថ្លែងការណ៍សន្តិសុខគាំទ្រគ្នាទៅវិញទៅមក ហើយក៏សហប្រតិបត្តិការតាមវិធីនានា ក្នុងការគាំទ្រអ្វីដែលរដ្ឋាភិបាលទាំងពីរហៅថា ភាពជាដៃគូជាយុទ្ធសាស្ត្រដែលពួកគេកំពុងតែធ្វើអោយមានឡើង។ កំណើនពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមករវាងគ្នា បានធ្វើអោយចិនជាដៃគូពាណិជ្ជកម្មបរទេសធំទីមួយរបស់រុស្ស៊ី ហើយប្រទេសទាំងពីរថ្មីៗ នេះ បានបញ្ចប់នូវសមយុទ្ធយោធារួមគ្នាមិនធ្លាប់មានក្នុងសមុទ្រលឿង។
យ៉ាងនេះហើយក៏ដោយ ចិន និងរុស្ស៊ី នៅតែបន្តមិនចុះសម្រុងគ្នាលើបញ្ហាសំខាន់ៗ ជាក់ស្បាន់មួយចំនួន។ ដំបូង ប្រទេសទាំងពីរបង្ហាញថាមិនអាចត្រូវរ៉ូវគ្នាបានលើតម្លៃដែលចិនត្រូវបង់សំរាប់ឧស្ម័ន ត្រូវនាំចូលពីរុស្ស៊ី។ ប្រទេសទាំងពីរក៏មិនទាន់ស៊ីសង្វាក់គ្នាលើការវាយតម្លៃអំពីប្រទេសប៉ាគីស្ថានដែរ។ កាលបើមន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគរុស្ស៊ី បង្ហាញនូវការព្រួយបារម្ភថា ពួកជ្រុលនិយមអ៊ីស្លាមអាចនឹងដណ្តើមត្រួតត្រាវត្ថុធាតុនុយក្លេអ៊ែរដ៏មានគ្រោះថ្នាក់ពីប៉ាគីស្ថាន ឬសូម្បីតែដណ្តើមអំណាចតែម្តង ចិន បានគាំទ្រប៉ាគីស្ថាន តាមផ្លូវការទូត ហើយបានផ្តល់ជំនួយដល់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ជួយពង្រឹងសក្តានុពលប៉ាគីស្ថាន អោយមានតុល្យភាពនឹងឥណ្ឌា ជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី តែមិនមានជាមួយចិនទេ។
អ្នកជំនាញចិន ពណ៌នា “មូលហេតុជារឹសគល់” នៃបញ្ហាការរំសាយសព្វាវុធ ថា “សហរដ្ឋអាមេរិក និងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតអនុវត្ត ... គោលនយោបាយអនុត្តរភាពនិយម” ក្នុងនោះមានទាំងការប្រើកម្លាំងយោធាប្រឆាំងរដ្ឋទន់ខ្សោយគ្មាននុយក្លេអ៊ែរ ដែលនឹងធ្វើអោយប្រទេសមួយចំនួន ស្វះស្វែងរកសព្វាវុធនុយក្លេអ៊ែរ។ លោក Fan Jishe នាយករងនៃមជ្ឈមណ្ឌលសិក្សាអំពីការត្រួតត្រាអាវុធ និងការមិនរាយសាយ បានគាំទ្រកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរទាំងឡាយ ដែលបានធ្វើអោយមានវឌ្ឍនភាពយ៉ាងធំធេង តែមានការប្រយ័ត្នប្រយែងថា រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាប្រទេសពីរមានគំនរក្បាល អាវុធ និងធាតុផ្ទុះនុយក្លេអ៊ែរធំជាងគេបង្អស់ “ត្រូវតែទទួលចំណែកទទួលខុសត្រូវធំឡើង សំរាប់ការពង្រឹងសន្តិសុខនុយក្លេអ៊ែរលើសកលលោក” ដោយធ្វើការកាត់បន្ថយថែមទៀតនូវគំនរអាវុធនុយក្លេអ៊ែររបស់ខ្លួន កាត់បន្ថយតួនាទីអាវុធនុយក្លេអ៊ែរ ក្នុងគោលនយោបាយសន្តិសុខ ហើយបង្កើនកម្មវិធីនាំចូលទៅប្រទេសវិញនូវវត្ថុធាតុបរមាណូរបស់ខ្លួន។
ការប្រឹងប្រែងត្រួតត្រាអាវុធសហរដ្ឋអាមេរិក/រុស្ស៊ី បានជាប់គាំង តាមដែលឃើញច្បាស់គឺដោយសារបញ្ហាការពារកាំជ្រួច តែ ការព្រួយបារម្ភរបស់រុស្ស៊ី អំពីកំណើនសក្តានុពលនុយក្លេអ៊ែរ របស់ចិន ក៏មានតួនាទីមួយចំណែកដែរ។ ពូទីន និងអ្នកធ្វើគោលនយោបាយរុស្ស៊ីទាំងឡាយ ទទូចថា ការកាត់បន្ថយអាវុធនុយក្លេអ៊ែរនាអនាគត ត្រូវតែកើតមានលើមូលដ្ឋានពហុភាគី ទោះបីជាមិននិយាយអោយចំថា ដំណើរនេះត្រូវតែមានការពាក់ព័ន្ធចរចាជាផ្លូវការជាមួយប្រទេសទាំងអស់ ដែលមានអាវុធនុយក្លេអ៊ែរ ឬអាចដំណើការទៅមុខ តាមរយៈក្រុមអ្នកចូលរួមតូចៗ ដែលក្នុងនោះការកាត់បន្ថយនានា អាចកើតមានបានតាមរយៈសកម្មភាពឯកតោភាគី។ សហរដ្ឋអាមេរិក និងរុស្ស៊ី នៅមានសឹងតែ ១០ ដងនៃក្បាលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលបានតាំងពង្រាយដោយចិន ដែលមានទាំងអស់ប្រហាក់ប្រហែលនឹងអង់គ្លេស និងបារាំង ដែរ ដែលជារដ្ឋអាវុធនុយក្លេអ៊ែរផ្សេងទៀតមានការទទួលស្គាល់ជាផ្លូវការដោយ សន្ធិសញ្ញាមិនរាយសាយនុយក្លេអ៊ែរ។
ក៏ប៉ុន្តែ ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែមាន អំពីការកាត់បន្ថយកម្លាំងនុយក្លេអ៊ែររបស់ខ្លួនថែមទៀត កាលបើមិនមានភស្តុតាងថា ចិនចូលរួមដំណើការកាត់បន្ថយអាវុធនុយក្លេអ៊ែរផង។ មិនដូចសហរដ្ឋអាមេរិក និងរុស្ស៊ីទេ ចិន នៅត្រូវអនុម័តកម្រិតកំណត់ស្តីពី អាវុធនុយក្លេអ៊ែររបស់ខ្លួន និងយានបញ្ជូននុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។ ហើយ ថ្វីបើ ក្រុងប៉េកាំង ហាក់មិនបានរៀបរៀងប្រភេទថ្មីនៃអាវុធនុយក្លេអ៊ែរក៏ដោយ ចិន កំពុងតែធ្វើអោយប្រសើរឡើងនូវមធ្យោបាយដែលខ្លួនប្រើ ដើម្បីនាំយកក្បាលនុយក្លេអ៊ែរទាំងនោះទៅកាន់គោលដៅ។
ការធានាអោយមានការប្តេជ្ញាចិត្តចងតាមផ្លូវច្បាប់ ពីរដ្ឋាភិបាលចិន ជាជាងការមានសេចក្តីថ្លែងការណ៍សាមញ្ញពីគោលបំណងដើម្បីបង្ខាំងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស មានលក្ខណៈ ជាសារវ័ន្តសំរាប់ការធានាដល់ក្រុងវ៉ាស៊ីនតោន និងមូស្គូ ថា ការកាត់បន្ថយគំនរសព្វាវុធនុយក្លេអ៊ែរ មិនជាការប្រថុយធ្វើអោយខូចស្ថេរភាពសកល និងតំបន់ទេ។ សហរដ្ឋអាមេរិក ក៏ដូចជារុស្ស៊ី ពិតជាលំបាកនឹងកាត់បន្ថយសក្តានុពលរបស់ខ្លួនណាស់។ ពិតហើយ ការពិនិត្យឡើងវិញនូវស្ថានភាពនុយក្លេអ៊ែរឆ្នាំ ២០១០ របស់រដ្ឋបាល អូបាម៉ា បានលើកដោយត្រង់ៗ ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អំពី “ទំនើបភាវូបនីយ៍កម្មទាំងបរិមាណ ទាំងគុណភាពនូវសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញពីការចាប់អារម្មណ៍ចង់ធ្វើការកាត់បន្ថយមួយជុំទៀតជាទ្វេភាគីជាមួយរុស្ស៊ី ក្រោយពីកិច្ចព្រមព្រៀង START ថ្មី បានចូលជាធរមាន កាលពីដើមឆ្នាំ ២០១១ តែ តំណាងរដ្ឋាភិបាលរុស្ស៊ី បានអោយសូចនាករ មិនចង់ធ្វើតាមរបៀបចាស់ទេ ហើយបញ្ចូលការទប់ស្កាត់ដល់បណ្តារដ្ឋមានសព្វាវុធនុយក្លេអ៊ែរ ក្នុងសន្ធិសញ្ញាត្រួតត្រាអាវុធយុទ្ធសាស្ត្រមួយថ្មី។ ហេតុអ្វី? ដំបូងបង្អស់ ទោះបីជាមិនដែលបាននិយាយជាផ្លូវការក៏ដោយ អ្នកជំនាញយុទ្ធសាស្ត្ររុស្ស៊ី បានបង្ហាញនូវការព្រួយបារម្ភអំពីកម្លាំងយោធាដែលកំពុងតែលេចធ្លោឡើងរបស់ចិន ដើម្បីពន្យល់ពីភាពអល់អែកក្នុងការចរចាបន្ថែមទៀត កាត់អោយបានច្រើនក្នុងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ រុស្ស៊ី នៅមានយោធាដែលខ្លាំងក្លាជាងចិន តែ ភាពខុសគ្នាក្នុងអត្រាកំណើនប្រជាជន និងសេដ្ឋកិច្ចកំពុងតែរួមតូច។
ក្នុងខណៈពេលនោះ ទោះបីជាការប្រឆាំងរបស់ក្រុងមូស្គូ ចំពោះផែនការការពារកាំជ្រួចរបស់សហរដ្ឋអាមេរិក ត្រូវបានគេដឹងលឺយ៉ាងណាក្តី អ្នកធ្វើគោលនយោបាយចិន បានបង្ហាញនូវភាពមិនសុខ អំពីការពង្រីកសមត្ថភាពរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យនេះ ពិសេសតាំងពី ជប៉ុន និងសហរដ្ឋអាមរិក សហការគ្នាក្នុងកម្មវិធីជាច្រើនរួមគ្នា។ ការភ័យខ្លាចរបស់ក្រុងប៉េកាំងគឺថា វ៉ាស៊ីនតោន និងតូក្យូ នៅពេលណាមួយអាចនឹងស្វះស្វែងពង្រីកខែលការពារកាំជ្រួចទៅតៃវ៉ាន់។ ជាឧទាហរណ៍ របាយការណ៍ការពារជាតិចិនឆ្នាំ ២០០៨ បានព្រមានថា “ចិន នៅតែប្រកាន់ជំហរថា កម្មវិធីការពារកាំជ្រួចសកល នឹងធ្វើអោយខូចប្រយោជន៍ដល់ស្ថេរភាព និងតុល្យភាពជាយុទ្ធសាស្ត្រ ធ្វើអោយខូចសន្តិសុខអន្តរជាតិ និងតំបន់ ហើយមានផលប៉ះពាល់អវិជ្ជមានលើដំណើរការកាត់បន្ថយសព្វាវុធ។ ចិនមានការប្រុងប្រយ័ត្នបំផុតចំពោះបញ្ហានេះ។
ដូច្នេះ តើការព្រួយបារម្ភអំពីមហិច្ឆិតាយុទ្ធសាស្ត្រសហរដ្ឋអាមេរិក ជំរុញចិន និងរុស្ស៊ី អោយ មានការសហការជាក់ស្តែងក្នុងវិស័យនេះឬទេ? មកទល់ពេលនេះ នៅមិនទាន់មានទេ។ អ្នកថ្លែងយោបល់មួយរូប ឯសន្និសីទការពារកាំជ្រួចនៅមូស្គូ រៀបចំដោយក្រសួងការពាររុស្ស៊ី ក្នុង ខែឧសភានេះ បានត្អូញត្អែរ - ទោះបីការគណនាបង្ហាញគំនរនុយក្លេអ៊ែររបស់ចិន ងាយនឹងទប់ទល់ដោយប្រព័ន្ធការពារកាំជ្រួចរបស់សហរដ្ឋអាមេរិក ជាងនាវាធំរបស់រុស្ស៊ីដែលមានកាំជ្រួចបាលីស្ទីចនុយក្លេអ៊ែរក៏ដោយ - ថា មន្ត្រីចិនមិនបានជំទាស់អោយបានស្វាហាប់ដូចជាតំណាងរុស្ស៊ី ទេ។ តំណាងចិន និងរុស្ស៊ី រហូតមកដល់ពេលនេះ កម្រិតការប្រឹងប្រែងការពារកាំជ្រួចបាលីស្ទីករបស់ខ្លួន តែត្រឹមការចេញសេចក្តីថ្លែងការណ៍រួម។ ការទូតឈ្លាសវៃរបស់សហរដ្ឋអាមេរិក គួរមានគោលដៅរក្សាវាអោយនៅរបៀបនេះ។
អ្វីដែលតែងតែមើលរំលងក្នុងកិច្ចការទាំងនេះ គឺ ចិនបានបង្ហាញនូវឆន្ទៈអនុម័តវិធានការណ៍ កសាងទំនុកចិត្ត និងសន្តិសុខ (CSBMs) មួយចំនួន ធ្វើអោយមានតម្លាភាពច្រើនឡើងខាងយោធា និងការយល់ដឹងក្នុងចំណោមគូប្រជែងយោធាដែលមានសក្តានុពលធំ។ ពិតណាស់ ក្នុងរយៈពេលពីរទសវត្សកន្លងទៅ ចិន បានចរចាវិធានការណ៍ កសាងទំនុកចិត្ត និងសន្តិសុខ មួយចំនួនជាមួយរុស្ស៊ី ដើម្បីអភិបាលសកម្មភាពយោធានៅតាមព្រំដែនរួមគ្នា។ ក្នុងខែ កក្កដា ១៩៩៤ រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី និងចិន បានព្រមព្រៀងរៀបចំជានីតិវិធីដើម្បីបញ្ជៀសឧបត្តិហេតុនាពេលអនាគត ក្នុងនោះមានទាំងការរៀបចំមួយចំនួន ដើម្បីរារាំងការបាញ់កាំជ្រួចបាលីស្ទីកដោយគ្មានការអនុញ្ញាត រារាំងការរំខានឧបករណ៍ទាក់ទង និងព្រមាននាវា និងយន្តហោះចម្បាំង ដែលអាចធ្វេសបំពានព្រំដែនជាតិ។ ក្នុងខែកញ្ញាឆ្នាំនោះ អាជ្ញាធរចិន និងរុស្ស៊ី បានសន្យាមិនតម្រង់កាំជ្រួចនុយក្លេអ៊ែរដាក់គ្នាជាគោលដៅទេ។ ជាងនេះទៀត ក្នុងខែ មេសា ឆ្នាំ១៩៩៨ ចិន និងរុស្ស៊ី បានបង្កើតអោយមានទូរស័ព្ទទាក់ទងពិសេសថ្នាក់ប្រធានាធិបតី ដែលសម្រាប់ចិន គឺជាលើកតំបូងជាមួយរដ្ឋាភិបាលមួយផ្សេង។
តែ នៅមានអ្វីៗ ច្រើនទៀតដែលប្រទេសទាំងបី គួរធ្វើ ដែលអាចនាំអោយមានវិធានការណ៍ត្រួតត្រាអាវុធជាផ្លូវការជាង ខណៈដែលបម្រើមុខងារស្ថេរភាពដ៏មានតម្លៃរបស់ខ្លួន ដោយមិនចាំបាច់មានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាផ្លូវការថែមទៀត។ វិធានការណ៍ទាំងនោះរួមមាន៖
· អនុវត្តតាមវិធានការនានា ដើម្បីបង្កើននូវតម្លាភាព ពាក់ព័ន្ធដល់សមត្ថភាពនៃមូលដ្ឋានផលិតសព្វាវុធនុយក្លេអ៊ែរនៃភាគីនិមួយៗ ដើម្បីកសាងជាកម្លាំងនុយក្លេអ៊ែរ ក្នុងគោលដៅផ្តាច់ចេញពីកិច្ចព្រមព្រៀងត្រួតត្រាអាវុធណាមួយ។
· ព្រមព្រៀងបន្ថយការបង្កើតសមត្ថភាពថ្មីៗ ដែលភាគីមួយទៀតយល់ឃើញថា ធ្វើអោយមានអស្ថេរភាពជាពិសេស (ឧ. សហរដ្ឋអាមេរិក ញុះញង់អោយមានការវាយប្រហារប្រើ សព្វាវុធធម្មតាជាសកល រុស្ស៊ី រៀបផែនការប្រើកាំជ្រួចនុយក្លេអ៊ែរធនធ្ងន់ ចិនពង្រីកមូលដ្ឋាននុយក្លេអ៊ែរក្រោមដី)។
· បង្កើនតម្លាភាពនៃក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់ ដែលប្រទេសទាំងនេះគរទុក រង់ចាំការរំសាយចោល ដោយធ្វើសន្និធិដោយឡែកពីក្បាលគ្រាប់ដែលនៅសកម្មភាព ហើយធ្វើការប្រកាសយូរៗ ម្តងអំពីចំនួនរបស់វា។
· វិធានការណ៍ត្រួតត្រាអាវុធដើម្បីការពារគ្រោះថ្នាក់ ការយល់គ្នាខុស ការប្រឈមមុខ និងការវិវត្តន៍ណាមួយទៀត ដែលអាចបង្កើនដោយធ្វេសប្រហែស អោយកើតជាសង្គ្រាមនុយក្លេអ៊ែរ។
វិធានការណ៍កសាងទំនុកចិត្តពាក់ព័ន្ធ អាចនឹងកម្រិតត្រឹមការប្រើសព្វាវុធប្រឆាំងផ្កាយរណប (ASAT)។ កាលពីឆ្នាំ ២០០៧ ចិនបានសម្រេចធ្វើការសាកល្បង ASAT ទីមួយរបស់ខ្លួនទៅក្នុងលំហរអាកាស ប្រឆាំងនឹងផ្កាយរណបអាកាសធាតុមួយ ដែលលែងដំណើរការ។ បទពិសោធ នៃការប៉ះទង្គិចគ្នា ដែលបង្កើតជាកម្ទេចក្នុងបរិមាណដ៏ច្រើនក្នុងលំហរ និងបានបញ្ចប់នូវឱសានវាទអន្តរជាតិជាច្រើនទសវត្សមកហើយប្រឆាំងការធ្វើពិសោធន៍មួយបែបនេះ ត្រូវបានរិះគន់ដោយរដ្ឋាភិបាលភាគច្រើនលើពិភពលោក តែ រុស្ស៊ីមិនមាត់ទេ។ តំណាងរុស្ស៊ី បានផ្តល់សូចនាករជាផ្លូវការថា ពួកគេមិនបានរៀបផែនការអោយមាន ASAT មួយទៀតទេ តែ វាជាការមានប្រយោជន៍ដើម្បីនឹងមានកិច្ចព្រមព្រៀងជាផ្លូវការមួយ យោងទៅលើសារសំខាន់នៃផ្កាយរណបនានា ក្នុងការរក្សាអោយមានស្ថេរភាពជាយុទ្ធសាស្ត្រ។
ទីបំផុត មានចំណុចមួយត្រូវតែមានការច្បាស់លាស់ គឺ សហរដ្ឋអាមេរិក អាចនឹងសកម្មភាពជុំវិញតំបន់ប៉ាស៊ីហ្វិក តែខ្លួនក៏ត្រូវតែដាក់ភ្នែកមើលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយចិន ដែរ៕























